(ភ្នំពេញ)៖ វេទិកា «ភាពជាដៃគូរវាងអាជ្ញាធររាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល» ត្រូវបានប្រារព្ធឡើងជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។
វេទិកានេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានសមាជិកចូលរួមប្រមាណ ៧០០នាក់ មកពីក្រសួងស្ថាប័ន និងអង្គការសង្គមស៊ីវិល ប្រមាណ៣២៥អង្គការ/សមាគម។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានស្នើឲ្យអង្គការសង្គមស៊ីវិលបន្ដសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការពារផលប្រយោជន៍ស្របច្បាប់ និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាមិត្ដ ជាបងប្អូន ជាឪពុកម្ដាយ ជាគ្រូ និងជាសិស្ស ក្នុងគោលដៅតែមួយគឺរួមគ្នាបង្កើនការកសាងសេដ្ឋកិច្ច-សង្គមឲ្យទទួលបានការរីកចម្រើនទៅថ្ងៃអនាគត៕