(កំពង់ចាម)៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោកយាយ វង់ អូន អាយុ ៦៥ឆ្នាំ និងកុមារី ខូវ សាវឿន អាយុ ៦ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយសារករណីឃាតកម្មសម្លាប់យ៉ាងព្រៃផ្សៃ ដែលបច្ចុប្បន្ន សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងនេះ កាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការសោកស្ដាយ និងក្ដីអាណិតអាសូរជាទីបំផុតចំពោះការបាត់បង់សាច់ញាតិជាទីស្រឡាញ់នៅក្នុងគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារចូលបុណ្យសពរួមមាន អង្ករ ១០០ គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងបច្ច័យមួយចំនួន៕