(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ថ្នាក់ដឹកនាំ គ.ជ.ប ទាំង៩រូប រួមទាំងមន្រ្តី គ.ជ.ប ជាច្រើនទៀត បាននិងកំពុងបំពេញបេសកកម្មនៅតាមរាជធានី ខេត្តពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដើម្បីត្រួតពិនិត្យការប្រលងជ្រើសរើសមន្រ្តីចុះឈ្មោះបោះឆ្នោតចំនួន ៣២៩២នាក់។
បើតាមអ្នកនាំពាក្យរូបនេះ គឺក្នុងមួយឃុំ-សង្កាត់ គ.ជ.ប ត្រូវការជ្រើសរើស ប្រធានក្រុមចុះឈ្មោះបោះឆ្នោត១រូប និងការីកុំព្យូទ័រមួយរូប ដែលនឹងធ្វើការជាមួយស្មៀននៃឃុំ-សង្កាត់ ដើម្បីចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ទៀតថា៖ នៅព្រឹកថ្ងៃនេះ គឺជាការបើកវិញ្ញាសាប្រលងនៅចំពោះមុខបេក្ខជន ដើម្បីតម្លាភាព និងសុក្រិតភាព។ គជប បានគ្រោងចុះឈ្មោះអ្នកបោះឆ្នោតដែលគ្រប់អាយុ១៨ឆ្នាំ នៅឆ្នាំ២០១៩នេះ ចំនួនជាង៣៧ម៉ឺននាក់។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ អញ្ជើញចូលរួមឲ្យបានគ្រប់ៗគ្នា៕