(ភ្នំពេញ)៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ គេសង្កេតឃើញមាន ព្រឹត្តិការណ៍ជួបជុំមួយរវាងអតីតគ្រូបង្រៀន មានទាំងនាយកសាលាបច្ចុប្បន្ន និងមិត្តរួមជំនាន់កាលពីឆ្នាំ១៩៨០-១៩៨៩ នៃសាលាបាក់ទូក បានមកជួបជុំសំណេះសំណាលជាមួយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បង្កើតបានជាបរិយាកាសមួយប្រកបដោយក្តីរំភើបរីករាយសប្បាយចិត្ត ដោយម្នាក់ៗបានគាស់កកាយរំលឹកដល់អនុស្សាវរីយ៍ចាស់ៗកាលរៀនជាមួយគ្នា រំលឹកដល់គុណលោកគ្រូ អ្នកគ្រូ រឹតចំណងមិត្តភាពឲ្យកាន់តែជិតស្និត និងចែករំលែកបទពិសោធន៍ជីវិត ឲ្យគ្នាទៅវិញទៅមក។
ស្ថិតក្នុងបរិយាកាសជាទីមនោរម្យនេះ លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបច្ចុប្បន្ន និងអតីតលោកគ្រូអ្នកគ្រូចាស់ៗជាច្រើនរូប ព្រមទាំងមិត្តភក្តិរួមជំនាន់ជាច្រើននាក់ បាននាំយកកន្ត្រកផ្កាចម្រុះពណ៌ មកប្រគល់ជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីបង្ហាញពីមនោសញ្ចេតនាស្រឡាញ់នឹករលឹក និង អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំភើបក្តុលក្តួលរីករាយបំផុត។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបង្ហាញនូវទឹកចិត្តគោរពស្រឡាញ់ដឹងគុណអតីតលោកគ្រូ អ្នកគ្រូ និងទឹកចិត្តស្រឡាញ់នឹករលឹកដល់ មិត្តរួមជំនាន់ទាំងអស់ ព្រមទាំងបានជូនអំណោយដល់អតីតលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ នូវថវិកា១០០ដុល្លារ, ទឹកក្រូច០២កែស, ទឹកចាហួយ០១កែស, មី០១កែស និងជូនមិត្តភក្តិនូវទឹកក្រូចក្នុងម្នាក់ ០១កែសផងដែរ៕