(បន្ទាយមានជ័យ)៖ ស្ពានស្ទឹងបត់ ដែលមានប្រវែង៦០៥ម៉ែត្រ តភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ នៅតំបន់ច្រកអន្តរជាតិប៉ោយប៉ែត នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញកម្ពុជា-ថៃ។ នេះបើតាម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងយ៉ាងដូចនេះ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក រួមជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថៃ ចុះពិនិត្យមើលស្ពានស្ទឹងបត់ ដើម្បីត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២២ ខែមេសា ខាងមុខនេះ។
លោកទេសរដ្ឋុមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ស្ពានស្ទឹងបត់នេះ បានកសាងដោយវិស្វករថៃទាំងស្រុងតែម្តង ដែលមានប្រវែង ៦០៥ម៉ែត្រ ក្នុងនោះខាងកម្ពុជាមានប្រវែង ២១៥ម៉ែត្រ។ ស្ពាននេះដែរ ភាគីថៃជាអ្នកចេញលុយទាំងស្រុង ដោយបានតភ្ជាប់ប្រទេសថៃ និងកម្ពុជា ដែលទុកសម្រាប់តែដឹកទំនិញតែប៉ុណ្ណោះ ខណៈអ្នកដំណើរត្រូវចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ភាគីថៃក៏បានផ្តល់ប្រាក់កម្ចី ដើម្បីសាងសង់ប៉ុស្តិ៍ត្រូវពិនិត្យនៅតាមព្រំដែនផងដែរ។
បើតាម លោកទេសរដ្ឋមន្រ្តី ស្ពាន និងផ្លូវដែកកម្ពុជា-ថៃនៅច្រកព្រំដែន(ចាស់) ប៉ោយប៉ែត-ខ្លងលឹក បានស្ថាបនារួចរាល់ហើយ នៅឡើយតែការរៀបចំបែបបទនៃការប្តូរនីតិវិធីដឹកជញ្ជូន និងការដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន។ ចំណែកច្រកព្រំដែនអន្តរជាតិ(ថ្មី)ស្ទឹងបត់-ណងអៀនវិញ គឺលើផ្នែកសំណង់ផ្លូវស្ពានទាំងលើទឹកដីថៃ ទាំងលើទឹកដីកម្ពុជា ភាគីថៃអនុវត្តបានស្ទើរតែ ១០០ភាគរយហើយ៕