(បន្ទាយមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំបើកការឆ្លងកាត់ព្រំដែន តាមផ្លូវដែកប៉ោយប៉ែត-ខ្លងលឹក និងតាមច្រកព្រំដែនថ្មីស្ទឹងបត់-ណងអៀន នាពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំខាងមុខនេះនឹងផ្ដោតសំខាន់លើរបៀបវារៈចំនួន៣រួមមាន៖ ១៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក រវាងកម្ពុជា-ថៃ, ២៖ កិច្ចពិភាក្សា ដើម្បីត្រៀមប្រគល់ទូររថភ្លើងមួយចំនួន មកកម្ពុជា និង៣៖ ត្រៀមធ្វើពិធីចាក់បេតុងជានិមិត្តរូបតភ្ជាប់ស្ពាននៃច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញជាអធិបតីរួមគ្នា។
ស្ពាននិងផ្លូវដែកកម្ពុជា-ថៃនៅច្រកព្រំដែន(ចាស់)ប៉ោយប៉ែត-ខ្លងលឹក បានស្ថាបនារួចរាល់ហើយ នៅឡើយតែការរៀបចំបែបបទនៃការប្តូរនិតិវិធីដឹកជញ្ជូននិងការដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន។ ចំណែកច្រកព្រំដែនអន្តរេជាតិ(ថ្មី)ស្ទឹងបត់-ណងអៀនវិញ លើផ្នែកសំណង់ផ្លូវស្ពានទាំងលើទឹកដីថៃ ទាំងលើទឹកដីកម្ពុជាក្នុងគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានអភិវឌ្ឍន៍អន្តរជាតិថៃ គឺភាគីថៃអនុវត្តបានស្ទើរតែ១០០ភាគរយហើយ។ ប៉ុន្តែលើផ្នែកសំណង់ផ្លូវប្រវែងជិត២គម តភ្ជាប់ពីស្ពានស្ទឹងបត់-ណងអៀននោះ មករង្វង់មូលនៃផ្លូវបំបែកផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៨ ភូមិគីឡូម់ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ោយប៉ែត ដែលត្រូវអនុវត្តដោយភាគីកម្ពុជា មិនទាន់មានការវិវឌ្ឍថ្មីនោះទេ។ ទោះយ៉ាងណា សំណង់ស្ពានស្ទឹងបត់ ដែលភាគីថៃសាងសង់រួចនេះ ឥឡូវនេះបានក្លាយជាកន្លែងដែលពលរដ្ឋ ភ្ញៀវជិតឆ្ងាយទៅដើរលេងកំសាន្ត ស្រូបយកខ្យល់អាកាសនិងថតរូបអនុស្សាវរីយ៍ ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានចុះពិនិត្យស្ថានីយ៍រថភ្លេីងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំប្រទល់ប្រទេសកម្ពុជា និងស្ថានីយ៍រថភ្លេីងក្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ដែលត្រៀមដាក់សម្ពោធឲ្យប្រេីប្រាស់ នាថ្ងៃ២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខ។ ការចុះពិនិត្យ មានការ ចូលរួមដោយ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីដឹកជញ្ជូនថៃផងដែរ៕