(ភ្នំពេញ)៖ តាមរយៈសារលិខិតជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងប្រឹងប្រែងពុះពារជម្នះគ្រប់ឧបសគ្គរក្សាឱ្យបាននូវសុខសន្តិភាព ធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន និងកសាងជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ក្នុងសារលិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា « រាជរដ្ឋាភិបាលនៃកម្ពុជា នឹងខិតខំពុះពារ គ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងមូលសម្រេចបាននាពេលកន្លងទៅ»។
ទន្ទឹមនឹងការប្តេជ្ញាប្រឹងប្រែងរក្សាឱ្យបាននូវសុខសន្តិភាពហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់តែមានគុណភាពខ្ពស់។
លើសពីនេះ រាជរដ្ឋាភិបាលក៏នឹងលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូនពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។
ជាមួយនឹងការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវសមិទ្ធផលថ្មីសម្រាប់ជាតិ និងប្រជាជនហើយនោះ ក្នុងសារលិខិតជូនប្រជាពលរដ្ឋខ្មែរនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចឱ្យឃើញពីសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចផ្ទាល់ បានប្រឹងប្រែងសម្រេចបានប្រកបដោយឧត្តមប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជននៅក្នុងឆ្នាំចាស់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយឈរលើមូលដ្ឋានដែលប្រទេសជាតិមានសន្តិសុខ និងសន្តិភាពពេញលេញនេះ ក្នុងឆ្នាំ២០១៨កន្លងទៅ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៧.៥%។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។ គួរកត់សម្គាល់ថា កម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
កម្ពុជា ក៏បានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានជាង ២៩,៨០០លានដុល្លារអាមេរិក ចំណែកឯការនាំចេញមានបជាង ១២,៨០០លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ និងតុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងដែរ។
នៅឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាឲ្យកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីភាពពហុបក្ស ដោយមិនមានការរើសអើង។
កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលបង្ហាញឲ្យឃើញតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១,០៤២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ១,៥៦៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ អត្រាភាពក្រីក្រមានការធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥% ក្នុងឆ្នាំ២០០៤ បានធ្លាក់មកក្នុងរង្វង់ ៩% ក្នុងឆ្នាំ២០១៨ និងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ២០១៩នេះ ហើយគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។
ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឲ្យទទួលបាននូវប្រាក់បៀវត្សកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងឆ្នាំ២០១៨ កន្លងទៅ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានកើនដល់កម្រិតជាង ១លានរៀល ហើយការបើកបៀវត្សបានធ្វើទាន់ពេលវេលាគឺបើក២ដង ក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
ក្រៅពីការប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញការបង្កើនប្រាក់បៀវត្សមន្ត្រីរាជការ និងការធ្វើឱ្យប្រសើរឡើងនូវសេវាផ្សេងៗសម្រាប់ប្រជាពលរដ្ឋហើយនោះ នៅឆ្នាំ២០១៨ ក៏ជាឆ្នាំដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងវិស័យផ្សេងៗជាច្រើនផ្សេងទៀត។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗ ជាច្រើនវិស័យ។ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
រហូតមកដល់បច្ចុប្បន្ន សមិទ្ធផល ជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមាន៖ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។ ជាក់ស្តែងក្នុងឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការផ្លូវជាតិលេខ៦ ដែលមានប្រវែង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រែង ខេត្តសៀមរាប ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤,១៦គីឡូម៉ែត្រ ចាប់ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំណតកំពង់ផែពហុបំណង នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ពានឆ្លងកាត់ព្រំដែនរវាង កម្ពុជា និង ថៃ ពីភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅភូមិណងអៀន ស្រុកអារញ្ញប៉ាថេត ខេត្តស្រះកែវ ដែលមានប្រវែង ១៣០ម៉ែត្រ។
ស្ពានមិត្តភាពកម្ពុជា ជប៉ុន(ស្ពានជ្រោយចង្វារទី១) ដែលមានប្រវែង ៩៧១ម៉ែត្រ ថ្មីៗនេះ និងការបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលមាន ប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយចំណាយ ថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្រោមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (B.O.T.) ដែលនឹងគ្រោងបញ្ចប់រយៈពេល ៤៨ខែជាដើម។
ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០១៨កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោង ចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់ របស់កម្ពុជា សម្រេចបានជាង ៩.៦ពាន់លាន គីឡូវ៉ាត់ម៉ោង បានកើនឡើងប្រមាណ ២៤.៨៩% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ការតភ្ជាប់ខ្សែបណ្តាញចរន្តឲ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនី រហូតមកដល់ឆ្នាំ២០១៨នេះ ចំពោះគេហដ្ឋានប្រជា ពលរដ្ឋសុទ្ធសាធ បានកើនដល់ប្រមាណ ២.៥៥លានខ្នងផ្ទះ ត្រូវជាប្រមាណ ៧២.១៦% នៃចំនួនផ្ទះសរុប ប្រមាណ ៣.៣៨លានខ្នង និងគ្របដណ្តប់ដល់ភូមិប្រមាណ ៨៧% នៃចំនួនភូមិសរុប ១៤ ,៣៨៣ភូមិ នៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការ វារីអគ្គិសនីសេសានក្រោម២ មានអានុភាព៤០០មេហ្គាវ៉ាត់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ កន្លងទៅនេះដែរ ដោយសារអាកាសធាតុមានលក្ខណៈអំណោយ ផលល្អ សម្រាប់ការបង្កបង្កើនផលដំណាំស្រូវ នៅទូទាំង កម្ពុជា បានធ្វើឲ្យបរិមាណផលិតផល ស្រូវរដូវវស្សា និងស្រូវរដូវប្រាំង សម្រេចបានប្រមាណជាង ១០.៦លានតោន កើនឡើងជាងផលិតផលស្រូវ វស្សា និងស្រូវរដូវប្រាំងក្នុងឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ប្រមាណ ២.៦៣% និងសល់ស្រូវជាង ៦.២លានតោន គិតជាអង្ករប្រមាណជាង ៤លានតោន សម្រាប់បម្រើឲ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារ បរទេសបានជាង ៦២ម៉ឺនតោន។
រហូតមកដល់បច្ចុប្បន្ន នៅព្រះរាជាណាចក្រកម្ពុជា វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួនជាង ១,៥០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀក បំពាក់ ស្បែកជើង និងមានឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង ១៥៦,៨៩០មូលដ្ឋាន ហើយដែលបាន ស្រូបកម្លាំងពលករសរុបប្រមាណជាង១លាននាក់។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជួយ ពលករកម្ពុជាដែលធ្វើការ នៅបរទេសមានប្រមាណជាង ១.២លាននាក់ មានជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ប្រទេសម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់ និងមុខជំនាញ បច្ចេកទេស។
វិស័យសំណងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង ១,០៨០អគារចាប់ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ ភ្ញៀវទេសចរអន្តរជាតិ ក៏បាន ចូលមក កម្ពុជា មានចំនួនប្រមាណជាង ៦លាន២សែននាក់ កើនឡើង ប្រមាណ ១០.៧% បើធៀបនឹងឆ្នាំ២០១៧ បានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជា មានប្រមាណ ជាង ៦២ម៉ឺននាក់ និងដោយប្រយោល ប្រមាណជាង ១លាននាក់។ ចំណូលពីវិស័យទេសចរណ៍ បានប្រមាណ ៤ ៣៥៦លាន ដុល្លារអាមេរិក មានការកើន ១៥.១៣% ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានប្រមាណ ១១៦លានដុល្លារអាមេរិក ដែលមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណ ២.៦លាននាក់កើន ៥.៤៥% បើធៀបនឹង ឆ្នាំ២០១៧។
ចំពោះការងារការបរទេសវិញ រាជរដ្ឋាភិបាលបានខិតខំបំពេញបេសកកម្មការទូត នៅលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ជាអាទិ៍ កិច្ចប្រជុំទូទៅលើកទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
កិច្ចប្រជុំនេះក៏ បានអនុម័តគាំទ្រឲ្យព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមចំណែកបញ្ជូនកងយោធពលខេមរភូមិន្ទជាបន្ត បន្ទាប់ ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលមកដល់បច្ចុប្បន្នមានចំនួន ៨១៣នាក់ ក្នុងនោះស្រី ៦៦នាក់៕