(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ស្រ្ដីឲ្យមានភាពក្លាហាន ក្នុងការប្រកបអាជីវកម្មផ្សេងៗ សមាគមសហគ្រិនស្រ្ដីកម្ពុជា បាននិងកំពុងរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីជំរុញលើកទឹកចិត្តស្រ្ដីឲ្យមានការចាប់ផ្ដើមអាជីវកម្ម។ នេះបើតាមការលើកឡើងពីលោកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា ឲ្យដឹងក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី៧ របស់សមាគមសហគ្រិនស្រ្ដីកម្ពុជា ដែលរៀបចំឡើងនៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
លោកស្រី អេង លីគង់ បានឲ្យដឹងថា «សមាគមបានបង្កើតនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីជំរុញឲ្យមានការចាប់ផ្ដើមអាជីវកម្មដល់ស្រ្ដីដែលក្នុងនោះរួមមាន៖ ការប្រឹក្សាយោបល់, ការបណ្ដុះបណ្ដាលដើម្បីជួយឲ្យស្រ្ដីជាសហគ្រិនផ្លាស់ប្ដូរ ឬពង្រីកអាជីវកម្មរបស់ខ្លួនពី លក្ខណៈគ្រួសារទៅជាក្រុមហ៊ុនស្ដង់ដារ ពីសហគ្រាសខ្នាតតូចទៅជាមធ្យម-ធំ ឬជាក្រុមហ៊ុនមានការចុះបញ្ជីត្រឹមត្រូវជាដើម»។
លោកស្រីបន្ដថា ដើម្បីជំរុញឲ្យនូវមតិយោបល់នេះបានល្អល្អប្រសើរ សមាគមសហគ្រិនស្រ្ដីក៏មាន ក្រុមការងារបច្ចេកទេសដែលមានសមត្ថភាព, មានគណៈកម្មការយ៉ាងសកម្ម ដែលស្ម័គ្រចិត្តជួយសមាគម និងជំរុញឲ្យសមាគមទទួលបានលទ្ធផលជាទីគាប់ចិត្ត។
លោកស្រី ខៀវ ទេព រង្សី កាញ៉ារីទ្ធ បានលើកឡើងថា ការរៀបចំកម្មវិធីខួបអនុស្សាវរីយ៍លើកទី៧ របស់សមាគមសហគ្រិនស្រ្ដីកម្ពុជា មិនត្រឹមតែផ្ដល់ឱកាសក្នុងការជួបជុំប៉ុណ្ណោះទេ ប៉ុន្ដែបានចូលរួមចែករំលែកបទពិសោធន៍ នៃភាពជោគជ័យ និងចំណេះដឹងលើមុខរបរអាជីវកម្មផ្សេងៗដល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកស្រីបន្ថែមថា ជាក់ស្ដែងសហគ្រិនភាពជាស្រ្ដី មានការកើនឡើងគួរឲ្យកត់សម្គាល់ មិនត្រឹមតែធ្វើឲ្យមុខជំនួញរបស់ខ្លួនមានភាពជោគជ័យនោះទេ តែស្រ្ដីតែងតែស្ថិតនៅពីក្រោយប្រឹក្សាយោបល់ ដើម្បីជំរុញលើកទឹកចិត្តសមាជិកគ្រួសារឲ្យឈាន ទៅរកភាពជោគជ័យគ្រប់ភារកិច្ចក្រោមស្នាមញញឹម។
លោកស្រី អ៊ឹង ភន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានចូលរួមសម្ដែងការអបអរសារទរ ដល់សមាគមសហគ្រិនស្រ្ដីកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូរ បណ្ដុះបណ្ដាលដល់ស្រ្ដីកម្ពុជា៕