(ពោធិ៍សាត់)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ជាពិសេសគឺម្ចាស់ដើមការតែម្តង ក្រោយពីរោងការដែលបានសង់រួច ត្រៀមនឹងសូត្រមន្តកាត់សក់ ត្រូវខ្យល់កន្ត្រាក់កួចរលំ ប៉ើងជាប់បង្គោលភ្លើងស្ទើរទាំងស្រុង។
ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង ០២ និង៣០រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងភូមិស្វាយស ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា មង្គលការនេះ មានកូនកម្លោះឈ្មោះ ហោ សារ៉ាត និងក្រមុំឈ្មោះ សៀម ធារី គូរស្វាមីភរិយាថ្មីថ្មោងនេះ រៀបនឹងអញ្ជើញភ្ញៀវមកពិសារអាហារ នៅថ្ងៃស្អែក។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពពកខ្មៅខ្មួលខ្មាញ់ ដែលរៀបកលនឹងធ្លាក់ភ្លៀង។ លុះមួយសន្ទុះក្រោយ ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំង រហូតកួចដំបូលរោងការ ដែលរៀបនឹងសូត្រមន្តកាត់សក់ ប៉ើងទៅទាក់នឹងបង្គោលភ្លើងខូចខាតអស់តែម្តង។ សំណាងល្អហើយ ដែលមិនមានមនុស្សទទួលរងគ្រោះថ្នាក់។
ក្រោយកើតហេតុ គេឃើញម្ចាស់ដើមការ បានហៅអ្នកសង់រោងឱ្យរៀបចំសារដើមឡើងវិញ។ គួរកត់សម្គាល់ថា នេះជាករណីទី១ហើយ ដែលខ្យល់បក់បោករោងការបែបនេះនៅក្នុងខេត្តពោធិ៍សាត់៕