(ភ្នំពេញ)៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ HOFER PETER អាយុ៦៤ឆ្នាំ ជនជាតិស្វីស ទៅកាន់តុលាការនៅសៀលថ្ងៃ០៨ ខែមេសា ឆ្នាំ២០១៩នេះ ពាក់ពន្ធ័ករណីឆបោក បន្លំក្រដាស់ប្រាក់ដុល្លារក្លែងក្លាយប្រភេទ ១០០ដុល្លារ នៅទូ ATM ធនាគារ ABA ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយឯក ទៀង ចន្ទ័ខន្តិសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៣០នាទី នៅចំណុចទូ ATM ធនាគារ ABA ទីតាំងផ្ទះលេខ ៦៨ផ្លូវលេខ៥៣ កែងផ្លូវលេខ១៣៦ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យកាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ ឡេង លីហៀង អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥០ ផ្លូវលេខ៩៣០ ភូមិ១១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (តំណាងធនាគារ ABA)។
វត្ថុតាងចាប់យកបានលុយក្រដាស់ ១០០ដុល្លារក្លែងក្លាយចំនួន ០១សន្លឹក លុយដុល្លារចំនួ ១១៦ដុល្លារ និងលុយថៃចំនួន ៥២៤០បាត លុយខ្មែរចំនួន ២ម៉ឺនរៀល, លិខិតឆ្លងដែន ១ក្បាល, ទូរស័ព្ទដៃម៉ាក Xiami ពណ៌ខ្មៅចំនួន១, វ៉ែនតាចំនួន២, ថ្នាំពេទ្យមួយចំនួន, កាត ATM ចំនួន៤, កាតសំគាល់ខ្លួនចំនួន៣, ប្រអប់ដាក់កាតចំនួន១, ប័ណ្ណបើកបរអន្តរជាតិចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១ (ជារបស់ជនសង្ស័យ)។
ដំណើររឿងហេតុ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទី ជនសង្ស័យបានមកធ្វើការដកលុយពីទូ ATM ក្នុងធនាគារ ABA ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ១៣៦ កែងផ្លូវ៥៣ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ពេលធ្វើសកម្មភាពនោះ ជនសង្ស័យបានដកលុយចំនួន ១០០$ ចេញពីទូ ATM បានហើយក៏យកលុយ ១០០ដុល្លារនោះ មកបង្ហាញដល់បុគ្គលិកធនាគារ ហើយបានប្រាប់ថា ជាលុយក្លែងក្លាយ ពេលនោះជនរងគ្រោះ (តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមើលរឿងនេះឲ្យ និងឲ្យជនសង្ស័យត្រឡប់ទៅវិញសិនចាំល្ងាចម៉ោង ១៥និង០០នាទី ចាំមកដោះស្រាយជូន។
ពេលនោះជនសង្ស័យក៏បានចេញទៅបាត់ទៅ បន្ទាប់មកជនរងគ្រោះបានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមើលទើបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស់ ១០០ដុល្លារក្លែងក្លាយ ចេញពីកាបូបស្ពាយពណ៌ខ្មៅ មកកាន់បន្លំបង្ហាញបុគ្គលិកធនាគារ ABA ថា ជាលុយដុល្លារដែលដកបានពី ATM នោះជាលុយដុល្លារក្លែងក្លាយរហូតដល់ម៉ោង ១៥និង០០នាទី ក៏ជនសង្ស័យត្រលប់មកវិញ ហើយជនរងគ្រោះបានធ្វើការសួរនាំ និងបើកឲ្យមើលកាម៉េរ៉ាសុវត្ថិភាព ទើបជនសង្ស័យបានសារភាពថា ខ្លួនពិតជាមកធ្វើការបន្លំពិតប្រាកដមែន។
បន្ទាប់មក ជនរងគ្រោះបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ ១០០ដុល្លារ ក្លែងក្លាយយកមកប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសាកសួរដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕