(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យទីតាំង និងបង្កើតក្រុមការងារទទួលបន្ទុករៀបចំសង្រ្កាន្ត «រតនគិរី» នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នា ពេលឆាប់ៗខាងនេះ ឱ្យទទួលបានជោគជ័យ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខេត្ត ក៏បានសម្រេចដាក់ឈ្មោះសង្រ្កាន្ត «រតនគិរី» ហើយកំណត់យកទីតាំងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រខេត្ត ជាកន្លែងប្រារព្ធពិធីសង្រ្កាន្ត ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ខាងមុខនេះ និងបង្កើតក្រុមការងាររៀបចំកម្មពិធីកម្សាន្តនានា នៅក្នុងទីក្រុងបានលុង ដែលជាទីរួមខេត្តផងដែរ។
លោក ថង សាវុន បានបន្កថានៅតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំសម្អាតមន្ទីរអង្គភាពរបស់ខ្លួនតុបតែងភ្លើងពណ៌ទង់ជាតិ ទង់ជ្វាលៀ ពាក្យស្លោក ក្នុងអត្ថន័អបអរសារទរឆ្នាំថ្មី និងត្រូវនិមន្តព្រះសង្ឃសូត្រមន្តក្នុងអង្គភាពរៀងៗខ្លួន ព្រមទាំងត្រូវមានកម្មវិធីជួបជុំមន្រ្តី រាជការក្រោមឱវាទ បាយសាមគ្គី ឬជូនកាដូរដល់មន្រ្តីរបស់ខ្លួនទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីជាការលើកទឹកចិត្តដែលមន្រ្តីរាជការ ឱ្យខិតខំប្រឹងប្រែងបំពេញ ភារកិច្ចរយៈពេលពេញ១ឆ្នាំកន្លងមក។ ដោយឡែក មន្ទីរវប្បធម៌ត្រូវត្រៀមល្បែងប្រជាប្រិយ៍នានា ឱ្យបងប្អូនប្រជាពលរដ្ឋបានលេងកម្សាន្តសប្បាយផងដែរ។
ដោយឡែកចំពោះផ្នែកសន្តិសុខ និងសណ្ដាប់ធា្នប់ កម្លាំងនគរបាល ត្រូវប្រចាំការនៅតាមគោលដៅ និងមានការយាមល្បាតនៅកន្លែងកម្សាន្ត សប្បាយនានានៅក្រុង-ស្រុកទាំង៩ និងមន្ទីរអង្គភាពជុំវិញខេត្តត្រូវម្ចាស់ការ រៀបចំស្តង់ពិព៌ណផលិតផលកសិកម្ម និងសមិទ្ធិផលនានារបស់ខ្លួន នៅកន្លែងកំណត់ ហើយមន្ទីរសុខាភិបាលខេត្តត្រូវត្រៀមរថយន្តសង្រ្គោះ ដាក់ឱ្យប្រចាំការនៅកន្លែងប្រារព្ធពិធី រយៈពេល៣ថ្ងៃ អាជ្ញាធរក្រុងបានលុង ត្រូវចលនាប្រជាពលរដ្ឋក្នុងក្រុងសម្អាតអនាម័យតាមលំនៅដ្ឋានមន្ទីរព័ត៌មាន ត្រូវផលិតស្ពតស្តីពីសង្រ្កាន្តឆ្នាំថ្មី រួចធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយមុន១សប្តាហ៍ នៃពិធីបុណ្យចូលឆ្នាំថ្មីមកដល់ ដើម្បីឱ្យមហាជនទូទៅក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានទទួលជ្រាបនូវព្រឹត្តិការណ៍សង្រ្កាន្ត រតនគិរី រយៈពេល៣ថ្ងៃ។
មន្ទីរទេសចរណ៍ត្រូវធ្វើការណែនាំដល់គ្រប់រម្មណីយដ្ឋាននានា មិនត្រូវតំឡើងថ្លៃលើម្ហូបអាហារ ឬវត្ថុអនុស្សាវរីយ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សង្រា្កន្ត «រតនគិរី» នោះទេព្រោះអាចប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិ និងធើ្វឱ្យបាត់បង់ភ្ញៀវដែលមកកម្សាន្តសប្បាយរីករាយ ក៏ដូចជាបាត់បង់ នូវចំណូលប្រចាំថ្ងៃរបស់ខ្លួន ដែលប្រកបមុខរបលក់ដូរនៅរមណីយដ្ឋានធម្មជាតិទាំងនោះផងដែរ៕