(ភ្នំពេញ)៖ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ថ្ងៃ៨ មេសា ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ និងថ្វាយព្រះរាជបរមងារកិត្តិយដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ» ចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ដ្រី បានបន្ដថា ការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ០៨ មេសានេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ច ដ៏ឧដុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា តំាងក្នុងប្រទេស និងក្រៅប្រទេស ហើយទ្រង់ទទួលបាននូវព្រះរាជបរមងារ កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ»។
លោករដ្ឋមន្រ្តីបានលើកឡើងថា ការប្រារព្ធទិវានេះ គឺជាការរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា ក៏ដូចជា ការក្រើនរំលឹកបំផុស ស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទំាងអស់។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្ដទៀតថា ជាពិសេសយុវបព្វជិត យុវពុទ្ធសាសានិក ដែលជាទំពាំងស្នងឬស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានគង់វង្ស និងរួមចំណែក ដល់ការអភិវឌ្ឍជាតិទំាងមូល។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ហ៉ឹម ឆែម បានគូសបញ្ជាក់ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅកម្ពុជា បានប្រារព្ធឡើងដោយស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៣ បានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏សូមព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់ៗរូបចង់ចំាថ្ងៃ ៨មេសា ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ។ សូមឲ្យមានការរៀបចំពិធីសាសនានៅតាមវត្តអារាម គ្រឹស្ថានសាធារណៈរបស់រដ្ឋ សាលារៀនក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឲ្យបានគ្រប់ទីកន្លែងជារៀងរាល់ឆ្នាំ។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា សូមព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធសាសនិកទំាងអស់រួមគ្នាផ្សព្វផ្សាយ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នេះដល់ពុទ្ធសាសនិកទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី ក៏សូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់រូប ព្រះមេត្តា-មេត្តា សហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ រៀបចំតុបតែងលម្អ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ប្រទីប ជ្វាលា ផ្កាកម្រង តាមទីសក្ការៈ ទីសាធារណៈ វត្តអារាមគ្រប់ទីកន្លែងទូទំាងប្រទេស។ ដោយឡែកគ្រប់វត្ត សូមឲ្យរួមគ្នារៀបចំពិធីព្រះពុទ្ធសាសនា (ធ្វើបទនមស្សការ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ជាដើម)៕