(ភ្នំពេញ)៖ ដំណេកជាវដ្ដធម្មជាតិ នៃរាងកាយ និងផ្លូវចិត្ដរបស់មនុស្ស ដែលផ្សារភ្ជាប់ជាមួយការកាត់ផ្ដាច់ការទទួលដឹងញាណទាំងឡាយ ការកាត់ផ្ដាច់ស្ទើរទាំងអស់នូវការភ្ញោចរាល់សាច់ដុំឆន្ទះ និងបន្ថយការឆ្លើយតបទៅនឹងមជ្ឈដ្ឋានខាងក្រៅ។
ជំងឺប្រភេទនេះ ត្រូវបានលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកវិទ្យា ប្រធានផ្នែកសុខភាពផ្លូវចិត្ដ និងបំពានគ្រឿងញៀននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចេញមកពន្យល់ថា «វិបត្ដិដំណេកនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ដល់មុខងារខួលក្បាលទាំងការចងចាំ ការគិតគូរពិចារណា សរីរាង្គកាយ ឬប្រព័ន្ធគ្រប់គ្រងសរីរាង្គកាយមានថយចុះ ងាយរង និងឆាប់ឈឺបំផុត អារម្មណ៍ស្មារតីប្រុងប្រយ័ត្នធ្លាក់ចុះ ការធ្វើដំណើរការងារ និងការសិក្សាមិនល្អផងដែរ។ ជាពិសេសនឹងធ្វើឱ្យយើងមានជំងឺធាត់ ទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺបេះដូងជាដើម ជាងនេះទៅទៀត គុណភាពនៃជីវិតយើងអាចរស់មិនបានយូរ ឬស្លាប់មុនអាយុដោយសារជំងឺ ដែលបណ្ដាលមកវិបត្ដិដំណេកនេះ»។
លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា ដើម្បីកំចាត់នូវវិបត្ដិដំណេកនេះ យើងត្រូវស្វែងយល់ពីមូលហេតុរបស់វាឱ្យបានច្បាស់លាស់ថាមកពីអ្វី?។ លោកបញ្ជាក់ថា «វិបត្ដិដំណេក គឺមានកត្ដាចំនួនពីរ ដ៏ចម្បង គឺជំងឺដំណេកដែលកើតពីខ្លួនឯងផ្ទាល់ (Primary Sleep disorders) និងមកពីរឿងរបស់គេ ធ្វើឱ្យយើងមានវិបត្ដិដំណេក (Secondary Sleep disorders)»។
«វិបត្ដិដំណេកដោយខ្លួនឯងផ្ទាល់នេះ ឬគេងមិនលក់ ក៏មានការបែងចែកផងដែរ ពេលដែលគាត់ចូលទៅគេង គាត់គេងមិនលក់ អ្នកខ្លះទៅគេងដែរតែគេងភ្ញាក់ៗ, គេងទៅងាយនឹងភ្ញាក់ (គេងមិនបានច្រើន), គេងមមើលជាដើម។ តែខ្លះទៀតដេកលក់គ្រប់កន្លែង ដាក់លក់ៗតែម្ដង ខ្លះទៀតគេងស្រមុកក៏មានបញ្ហាដែរ គឺធ្វើឱ្យខួរក្បាលចុះខ្សោយ និងធ្វើឱ្យបំពង់ខ្យល់ត្បៀត ចឹងពេលខ្លះខ្យល់អត់ចូលបានគ្រប់គ្រាន់ អុកស៊ីសែន អត់ទៅដល់ខួរក្បាលបណ្ដាលឱ្យស្លាប់តែម្ដង»។
ជំងឺដំណេកដែលកើតពីរឿងរបស់គេវិញ គឺមកពីសម្ពាធសង្គម ដែលមានជុំវិញខ្លួនយើង ការធ្វើការ ការរស់នៅបានធ្វើឱ្យយើងគិតច្រើន ដោយពេលខ្លះធ្វើឱ្យយើងមានជំងឺផ្លូវចិត្ដដូចជា៖ ជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ដ ជំងឺមេនៀរ (មិនគ្រប់ទឹក) និងជំងឺវិកលចារិកជាដើម។ បងប្អូនមួយចំនួន ដើម្បីបំបាត់វិបត្ដិនេះ គឺតែងតែប្រើប្រាស់សារធាតុញៀន ដូចជា កាហ្វេអ៊ីន និងសារធាតុភ្ញោចគ្រឿងស្រវឹង ថ្នាំព្យាបាលមួយចំនួនផងដែរ ដែលនេះមិនសមស្របនោះទេ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានថ្លែងបន្ដថា «ដូច្នេះប្រសិនបើមានវិបត្ដិនេះ កុំគិតថា ជារឿងធម្មតា និងទៅថ្នាំងងុយគេង និងថ្នាំជំនួយណាមួយព្យាបាលដោយខ្លួនឱ្យសោះ ព្រោះវានឹងបណ្ដាល ឱ្យគ្រោះថ្នាក់ម្ដងបន្ដិចៗ ដាច់ខាតត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងយល់ពីជំងឺរបស់ខ្លួន និងអាចព្យាបាលឆាប់មានប្រសិទ្ធិភាពខ្ពស់»។
ទន្ទឹមនឹងនោះផងដែរ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីគន្លះ១០យ៉ាង ដើម្បីទទួលបានដំណេកប្រកបដោយសុខភាព៖
*១៖ ហាត់ប្រាណឱ្យបានទៀងទាត់ បរិភោគអាហារល្អសម្រាប់សុខភាព
*២៖ កាត់បន្ថយការគេងថ្ងៃច្រើនពេក
*៣៖ កាត់បន្ថយការទទួលសារធាតុភ្ញោច ដូចជា ការហ្វេអ៊ីន នីកូទីន គ្រឿងស្រវឹង ជាពិសេសមុនពេលចូលដំណេក
*៤៖ ត្រូវចងចាំថាគ្រែ គឺសម្រាប់តែរឿងពីរយ៉ាង គឺគេង និងការរួមភេទ មិនមែនសម្រាប់ការអានសៀវភៅ មើលទូរទស្សន៍ ឆែកហ្វេសប៊ុក មើលយូធូបឡើយ
*៥៖ កំណត់ម៉ោងពេលចូលគេង និងភ្ញាក់ឱ្យបានទៀងទាត់
*៦៖ ចៀសវាងសកម្មភាពមួយចំនួន មុនគេងដូចជា៖ មើលទូរទស្សន៍ លេងហ្គេម ជំនួសមកវិញ ដោយការធ្វើសមាធិក ការស្ដាប់តន្ដ្រីជំនួយការគេង
*៧៖ ងូតទឹកក្ដៅអ៊ុនៗ និងញុំាទឹកដោះគោ ឬទឹកក្ដៅអ៊ុនៗមុនចូលគេង
*៨៖ មិនត្រូវទទួលទានអាហារច្រើនពេកមុនចូលគេង
*៩៖ រក្សាអនាម័យគ្រែគេង ពូក ភួយ ខ្នើយ បន្ទប់ ឱ្យបានស្អាតល្អ និងគ្មានសម្លេងខ្លាំងរំខាន
*១០៖ ក្នុងករណីគេងមិនលក់ កុំព្យាយាមសំងំលើគ្រែយូរ លើសពី១៥នាទី ហើយត្រូវធ្វើការងារផ្សេង ហើយចាំចូលគេងម្ដងទៀត។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះហើយ ប្រធានមូលនិធិអៀង លោក អៀង សុធារ៉ា ដែលជាស្ថាបនិក នៃសិក្ខាសាលាសាធារណៈនេះ បានរៀបចំសិក្ខាសាលាសុខភាពផ្លូវចិត្ដនេះឡើង ក្រោមប្រធានបទ «វិបត្ដិដំណេក» ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំ និងសុខភាព ទៅដល់ពលរដ្ឋកម្ពុជាទាំងអស់។ ដោយស្ថានិករូបនេះ យល់ថានេះ គឺជារឿងចំាបាច់បំផុត ដើម្បីឱ្យមនុស្សទទួលបានសុភមង្គល និងជោគជ័យក្នុងដំណើរជីវិត៕