(ភ្នំពេញ)៖ ថវិកាប្រមាណជិត៤០លានរៀល ដែលបានមកពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនក្រុមគ្រួសារអាវុធហត្ថដែលទើបតែទទួលមរណភាព។

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថតំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក អ៊ុ ប៉ាលវឌ្ឍិន្ទ ដែលបានទទួលមរណភាព ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសពថា អង្គភាពកងរាជអាវុធហត្ថ មានការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់លោកអនុសេនីយ៍ឯក អ៊ុ ប៉ាលវឌ្ឍិន្ទ ពីជួរអង្គភាពកងរាជអាវុធហត្ថ ហើយក៏ជាការបាត់បង់សមាជិកដ៏សំខាន់បំផុតសម្រាប់ក្រុមគ្រួសារ ដែលជាការបាត់បង់ប្តីដ៏ល្អ ឪពុកដ៏ល្អ ជីតាដ៏ល្អ ដែលគ្មានថ្ងៃនឹងវិលត្រលប់មកវិញឡើយ។

ធ្លៀតក្នុងឱកាសនោះផងដែរលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានឲ្យដឹងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ សៅ សុខា កងរាជអាវុធហត្ថ បានបង្កើតមូលនិធិមហាគ្រួសារកង រាជអាវុធហត្ថនេះឡើង ក្នុងគោលបំណងជួយសម្រួលទៅដល់ជីវភាពក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈ ដែលបានបាត់បង់សមាជិកជាទីស្រលាញ់របស់ខ្លួន ដែលជាបង្គោលដ៏រឹងម៉ាំសំរាប់ ក្រុមគ្រួសារ និងកំពុងមានសមាជិកនៅក្នុងបន្ទុកជាច្រើន។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ជានិច្ចជាកាលនាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាស់តឿន និងក្រើនរំលឹក ទៅដល់មេបញ្ជាការតាមបណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវធ្វើយ៉ាងណាខិតខំបន្តយកចិត្តទុកដាក់ទៅលើការរស់នៅ របស់កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទទាំងអស់ ជាពិសេសនូវពេលដែលកំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕

.