(កំពង់ចាម)៖ កាលពីរាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអញ្ជើញថ្លែងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខ្លឹមសារអំពាវនាវឱ្យគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការលើកកម្ពស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវផលិតផលខ្មែរ ដើម្បីទាក់ទាញការគាំទ្រ និងជំរុញការនាំចេញទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
នៅក្នុងឱកាសអញ្ជើញចូលរួមទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបង្កើតព្រឹត្តិការណ៍ពិព័រណ៍ថ្នាក់ជាតិ និងការដាក់ចេញគោលនយោបាយជាតិរយៈពេល ៥ឆ្នាំ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ (២០១៦-២០២១)។
ទន្ទឹមគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានអំពាវនាវឱ្យមានការចូលរួមទិញផលិតផលខ្មែរ និងបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ផលិតផលជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មវិស័យការងារជូនប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម (SMEs) ដូចជាការបង្កើតធនាគារ SMEs ការចងក្រងមូលនិធិសហគ្រិនភាព ការសម្ពោធមជ្ឈមណ្ឌលធុរកិច្ចតេជោ និងការលើកទឹកចិត្តផ្នែកពន្ធដា និងគយ ជាដើម។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការពង្រឹងចង្វាក់ផលិតកម្ម ដើម្បីបង្កើតតម្លៃបន្ថែម ដូចជា បង្កើនគុណភាពផលិត បច្ចេកទេសវេចខ្ចប់ ការដាក់ម៉ាកសញ្ញា និងការធ្វើយុទ្ធនាការទីផ្សារ ទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សនៅគ្រប់កម្រិត ហើយនេះគឺជាកិច្ចការអទិភាព ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានគិតគូរនៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំរបស់ខ្លួន។
សូមជម្រាបថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី២ ឆ្នាំ២០១៩ ត្រូវបានប្រព្រឹត្តិទៅក្រោមប្រធានបទ «យើងគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ» និង «យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤» ក្នុងគោលបំណងធ្វើពិពិធកម្មទីផ្សារ និងបង្ហាញពីភាពរីកចម្រើននៃផលិតផលខ្មែរ ក្នុងក្របខណ្ឌអត្តសញ្ញាណ វប្បធម៌ប្រពៃណី ប្រកបដោយភាពច្នៃប្រឌិត ដែលជាស្នាដៃប្រជាសហគមន៍ ផលិតករ សេវាករ និងសិប្បករ ដោយផ្អែកលើសក្តានុពលធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។
ទិវាដ៏សំខាន់នេះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសហគ្រាស និងសិប្បកម្មក្នុងស្រុកមកពីរាជធានី-ខេត្តនៃប្រទេសកម្ពុជា ចំនួន១២០ស្តង់ និងមានមុខទំនិញជាច្រើនមុខដូចជា៖ គ្រឿងចម្លាក់ អង្ករ ផ្លែឈើ បន្លែសរីរាង្គ ផលិតផលធ្វើពីឬស្សី ស្រាទឹកត្នោត ស្រាចេក ត្បូង សូត្រខ្មែរ ម្ហូបខ្មែរ ទឹកផ្លែឈើ ម្រេច ទឹកតី្រ និងកាឡាន។ល៕