(ឧត្តរមានជ័យ)៖ ខ្ទិះដូងចំនួន២៤០កំប៉ុង ទឹកក្រូចចំនួន២១ដប និងទំនិញមួយចំនួនទៀត ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីកាំកុងត្រូល ខេត្តឧត្តរមានជ័យ ដកហូតទុកដើម្បីដុតកម្ទេចចោល បន្ទាប់ពីពិនិត្យរកឃើញនៅតាមតូប និងផ្ទះជុំវិញផ្សារសំរោងក្នុងក្រុងសំរោង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។
ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុននេះ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងស្ថាប័នពាក់ព័ន្ធ បានបន្ដចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារដែលបានដាក់លក់។
លោកបានលើកឡើង ដោយបញ្ជាក់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករថា ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ គឺទុកយកទៅដុតកម្ទេចចោល បន្ទាប់ពីបានដកហូតពីអាជីវករ នៅតាមតូប និងតាមផ្ទះនៅផ្សារសំរោង ដែលអាជីវករយកទៅលក់ដូរ ដោយមិនបានពិនិត្យពីថ្ងៃ ផុតកំណត់ របស់ទំនិញ និងបន្តតាំងលក់ជូនទៅពលរដ្ឋដោយមិនគិតពីផលប៉ះពាល់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋឡើយ។
លោក ខាន់ រ៉ាត់ បានបន្ដថា ក្នុងសកម្មភាពត្រួត ពិនិត្យមន្ត្រីជំនាញ បានធ្វើការវិភាគបឋមរក សារ ធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអា ហារមួយចំនួន រួមមាន៖ ត្រីងៀត នំបញ្ចុក គុយទាវ មឹកក្រៀមសាច់ក្រក និងការចុះអង្កេតនៅតាមបណ្ដាស្តង់លក់ភេសជ្ជក្នុងផ្សារសំរោង ហើយជាលទ្ធផល ដែលមន្ត្រីជំនាញចុះត្រួតពិនិត្យ ពុំបានរកឃើញ ភាពមិន ប្រក្រតីណាមួយ នៅក្នុងគំរូផលិតផលម្ហូបអាហារខាងលើនោះឡើយ។
បន្ទាប់មកបានដកហូតទឹកក្រូច២១ដប និង ខ្ទិះដូងកំប៉ុង២៤០កំប៉ុង ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រី ជំនាញបានធ្វើលិខិតព្រមានឲ្យឈប់ ដាក់តាំងលក់បន្តទៅទៀត និងយកទំនិញខូចទាំងអស់នោះ មករក្សាទុក នឹងធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោក ខាន់ រ៉ាត់ និងមន្រ្តីសាខាកាំកុងត្រូលបានចែកនូវផ្ទាំង Poster និងធ្វើការណែនាំ ផ្សព្វផ្សាយដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិត ផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំ ពោះមុខច្បាប់ថែមទៀត៕