(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប្រារព្ធឡើងនូវកម្មវិធីប្រគំតន្រ្តីដ៏ធំ ប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា «សង្រ្កាន្តភីភីអេសអ៊ីហ្សិត២០១៩» បានយ៉ាងជោគជ័យ ដើម្បីស្វាគមន៍សង្រ្កាន្តឆ្នាំថ្មី ដែលនឹងខិតចូលមកដល់ និងដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់កម្មករនិយោជិត និងប្រជាពលរដ្ឋដែលរស់នៅ ជុំវិញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រមាណជាង៣ម៉ឺននាក់។
កម្មវិធីនេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាពរបស់លោក ជា វុទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងជាប្រធានរដ្ឋបាលតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ លោកស្រី អ៊ុក ដារ៉ា មេបញ្ជាការរងកងពលតូចលេខ៧០ និង លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ។
អភិបាលក្រុមហ៊ុន ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី លោក តាន់ កាក់ឃុន បានលើកឡើងថា បើកកម្មវិធីថា «នេះគឺជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីប្រគុំតន្រ្តីនេះឡើង»។
កម្មវិធីនេះ ជាកិច្ច ស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែរ នឹងជាកាដូដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ដែលបានមកលេងកំសាន្ត មុនពេលត្រឡប់ទៅជួបជុំឪពុកម្តាយ និងបងប្អូនឯស្រុកកំណើត នាថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។
លោកបានបន្ថែមទៀតថា ថ្ងៃនេះ យើងទាំងអស់គ្នានឹងបានឃើញ កម្មករ កម្មការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មិនត្រឹមតែ មានជំនាញការងារ ក្នុងរោងចក្រប៉ុណ្ណោះទេ ពួកគាត់ក៏នៅមានសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈពិសេសៗ រៀងៗខ្លួនថែមទៀតផង។
នៅក្នុងកម្មវិធីដ៏អធឹកអធមនេះដែរ លោក ជា វុទ្ធី បានផ្តល់កិត្តិយស ធ្វើកិច្ចសំណេះសំណាលថា នេះជា កម្មវិធីដ៏ល្អមួយ ដែលផ្តួចផ្តើមឡើងដោយម្ចាស់តំបន់ផ្ទាល់គឺ លោកស្រីឧកញ៉ា លីម ឈីវហូរ ជាឱកាសជំរុញ លើកទឹកចិត្តដល់កម្មករ កម្មការិនី ឲ្យស្រលាញ់ការងារ ហើយខិតខំប្រឹងប្រែងបន្តទៀត និងដើម្បីចូលរួមចំណែកធ្វើ ឲ្យតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅតែបន្តជាតំបន់សេដ្ឋកិច្ចពិសេស ឈានមុខគេក្នុងប្រទេសកម្ពុជា ហើយនេះ ក៏ដោយសារតែមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តើមគំនិតបង្កើត ឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនេះឡើង។
ជាកិច្ចបញ្ចប់នូវចំណាប់អារម្មណ៍ដ៏មានន័យ លោក ជា វុទ្ធី បានជូនពរដល់ក្មួយៗ ភ្ញៀវកិត្តិយស ក៏ដូចជាក្មួយៗកម្មករ កម្មការិនីទាំងអស់ ដែលបានមកទស្សនាយ៉ាងច្រើន កុះករនារាត្រីនេះ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
កម្មវិធីប្រគំតន្រ្តី «សង្រ្កាន្តភីភីអេសអ៊ីហ្សិត២០១៩» បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ ដោយមានពិធីការិនីរូបស្រស់ អ្នកនាង កែវ ច័ន្ទនិមល និងពិធីករសែនសង្ហារ លោក ញ៉ែម សុគន្ធ ជាអ្នកកាន់ កម្មវិធី រួមជាមួយតារាចំរៀងដ៏ល្បីល្បាញ ក្នុងស្រទាប់យុវវ័យគឺ កញ្ញា មាស សុខសោភា ក្រុមតារាចំរៀង Original Song ក្រុមក្មេងខ្មែរ និងក្រុមកំប្លែងនាយពាក់មី ដែលបានធ្វើឲ្យកម្មវិធីមានភាពសប្បាយរីករាយ តាំងពីដើមរហូតដល់ចប់។ ក្រៅពីការប្រគំតន្ត្រី យើងនៅមានការប្រកួត សមត្ថភាព សិល្បៈរបស់កម្មករ កម្មការិនី ទៀតផង។
នៅទីបញ្ចប់ យើងបានស្វែងរកឃើញនូវជ័យលាភីលេខ១ នៃកម្មវិធីសង្រ្កាន្តភីភីអេសអ៊ីហ្សិត២០១៩ គឺបាន ទៅលើ កញ្ញា ថៃ ឡៃសៀង មកពីរោងចក្រ SVI (AEC) Company Limited និង លោក ធឿន សុខា មកពីរោងចក្រ Taiyo Kogyo (Cambodia) Co., Ltd។
កម្មវិធីទាំងមូលនេះ អាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំៗ ពីបណ្តាក្រុមហ៊ុនដូចជា ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ, ក្រុមហ៊ុន ខេមបូឌា ប៊ីវើរេច ខមផេនី អិលធីឌី, ក្រុមហ៊ុន ថូម៉ូនៀស ខូអិលធីឌី, ក្រុមហ៊ុន លីហួរ អ៊ិនសូរែន ភីអិលស៊ី, ក្រុមហ៊ុន ចេដាប់ប៊ែលយូ អ៊ិនហ្វូ ឡជិសស្ទិក ផាប់ប្លិក, ក្រុមហ៊ុន ប៊ីហ្រ្គីម ផៅវើ ផាប់ប្លីក, ក្រុមហ៊ុន សហ័សអ៊ីអ៊ែនស៊ី, ក្រុមហ៊ុន អិលស៊ីអេច អ៊ិនវែសមេន គ្រុប, ព្រមទាំងសហការឧបត្ថម្ភ ដោយក្រុមហ៊ុន ជាច្រើនផ្សេងទៀត៕