(កំពង់ចាម)៖ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ដោយសុខដុមរមនាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានត្រៀមកងកម្លាំងប្រមាណជាង ១ម៉ឺននាក់ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាមផងដែរ។
លោកអភិបាលខេត្តកំពង់ចាមបានថ្លែងដូច្នេះនៅក្នុង ពិធីប្រជុំត្រួតពិនិត្យការងារ ស្ដីពីផែនការបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលស្រុក-ក្រុងទាំង១០ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
លោក គួច ចំរើន ក៏បានណែនាំដល់កងកម្លាំងផងដែរថា «ត្រូវពង្រឹងការសម្រួលចរាចរណ៍ គ្រប់គោលដៅទាំងអស់ ឲ្យបានផុលផុស ដោយហេតុថា ប្រជាពលរដ្ឋរបស់យើងកំពុងមានភាព សម្បូរសប្បាយ ដូច្នេះមធ្យោបាយធ្វើដំណើរក៏មានច្រើន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ពិតប្រាកដជាមានមធ្យោបាយធ្វើដំណើរយ៉ាងច្រើនផងដែរ ដូច្នេះការស្ទះចរាចរណ៍ពិតជាមានច្រើនកន្លែង ដែលប្រការនេះ កម្លាំងសមត្ថកិច្ចរបស់យើងត្រូវតែពង្រឹងលើការងារសម្រួលចរាចរណ៍ កុំប្រកាន់លើគោលដៅគេ ឬគោលដៅឯង ពោលគឺត្រូវរួមគ្នាសម្រួលកុំឲ្យមានការកកស្ទះចរាចរណ៍គ្រប់ពេលវេលាឲ្យបានល្អប្រសើរ»។
លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់កងកម្លាំងទាំងអស់គឺមានចំនួន ១២,៥៤៥នាក់ ដែលក្នុងនោះរួមមាន៖ មន្ត្រីនគរបាលមានចំនួន ១,០៨៧ នាក់, អាវុធហត្ថ ៥១នាក់, យោធាចំនួន ១២៧នាក់, និងកម្លាំងប្រជាការពារ ១១,២៨០នាក់ ហើយកម្លាំងទាំងអស់ត្រៀមចូលរួមអនុវត្តតាមផែនការដឹកនាំរបស់គណៈបញ្ជាការឯកភាព ក្រុង-ស្រុក ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
លោកបានបន្តថា «ត្រូវត្រៀមកម្លាំមត្រៀមលក្ខណៈនៅក្នុងហេតុការណ៍ដែលអាចនឹងកើតឡើងផ្សេងៗ ដូចជាអ្នកទៅកម្សាន្តនៅតាមទឹកទន្លេ, ផ្នែកអគ្គីភ័យ, ផ្នែកសុខាភិបាល, ពោលគឺ គ្រប់ហេតុការណ៍ដែលកើតឡើង យើងត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ»។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំកុរ នាឆ្នាំនេះ អាជ្ញាធរខេត្ត បានត្រៀមគោលដៅកម្សាន្តសប្បាយ នៅតាមវត្តអារាម និងរម្មណីដ្ឋាននានា ក្នុងក្រុង-ស្រុកទាំង១០ ចំនួន១៣កន្លែង ក្នុងនោះ ស្រុកកំពង់សៀមមាន ៤កន្លែង គឺ រម្មណីដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំប្រុស-ភ្នំស្រី រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំហាន់ជ័យ និងរម្មណីដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែនផងដែរ៕