(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្នុងគម្រោង ដឹ លែនម៉ាក២៧១ ភ្ជាប់មកផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ដែលចាក់កៅស៊ូប្រវែង៧៥៣ ម៉ែត្រ ដោយក្រុមហ៊ុន ជីប ម៉ុង លែន ក្រោមការចូលរួមរបស់ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ជាអធិបតី និងសាក្សី ក្នុងពិធីសម្ពោធនេះ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។
ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ត្រូវបានជួសជុលដោយក្រុមហ៊ុន ជីប ម៉ុង លែន តាមរយៈការអ៊ុតកៅស៊ូបេទីមីន័រប្រវែង៧៥៣ម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរបានល្អប្រសើរ ដោយភ្ជាប់ទៅវិថីសំខាន់ៗ ដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងមហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។
ថ្លែងក្នុងកម្មវិធីសម្ពោធ លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «ជីប ម៉ុង លែន មិនត្រឹមតែសាងសង់លំនៅឋាននោះទេ យើងថែមទាំងកសាងសហគមន៍មួយប្រកបដោយផាសុកភាព សម្រាប់បងប្អូនដែលរស់នៅក្នុងគម្រោងនេះ និងធ្វើយ៉ាងណាសម្រួលដល់ចរាចរណ៍ និងបញ្ចៀសការកកស្ទះ ពេលធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់យើងផងដែរ»។
គួរបញ្ជាក់ផងដែរថា ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ដែលកែលម្អដោយក្រុមហ៊ុន ជីប ម៉ុង លែន ភ្ជាប់ទៅនឹង គម្រោង ដឹ លែន ម៉ាក ២៧១ (The Landmark 271) ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ៤៣ហិកតា ជាមួយនឹងច្រកចេញចូលធំៗចំនួន៥ ដែលអាចឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ២៧១ ផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងគម្រោង ដឹ លែន ម៉ាក ២៧១(The Landmark 271) ដោយសេរី ទៅកាន់ផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានយ៉ាងងាយស្រួល៕