(កំពត)៖ នៅព្រឹកថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជា សម្ព័ន្ធភាពយុវជនស្រលាញ់សន្តិភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណជាង ៦០០នាក់។
ក្នុងជំនួបសំណេះសំណាលនោះ លោកអភិបាលខេត្ត ជាវ តាយ បានណែនាំផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុងកំពត និងក្រុមយុវជនទាំងបីផ្នែក ត្រូវត្រៀមលក្ខណៈចូលរួមលេង ក្នុងកម្មវិធីបង្កការកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០១៩នេះ។ រដ្ឋបាលខេត្តកំពត រៀបចំសង្ក្រាន្តចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៩។
លោកអភិបាលខេត្តបន្តថា ពេលវេលាកាន់តែខិតចូលមកដល់នៃព្រឹត្តិការណ៍កំពតសង្ក្រាន្ដ ដែលរដ្ឋបាលខេត្តកំពតត្រូវប្រារព្ធធ្វើឡើង ក្នុងឱកាសពិធីអបអរទទួលទេវតាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមឲ្យបណ្ដាថ្នាក់ដឹកនាំ ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់គ្នា រួមនឹងក្រុមយុវជនទាំងបីផ្នែកផងដែរ ត្រូវខិតខំជំរុញត្រៀមលក្ខណៈឲ្យបានសស្រាក់សស្រាំទាំងអស់គ្នា ដោយស្មារតីទទួសខុសត្រូវខ្ពស់ ទៅតាមអនុគណៈកម្មការបែងចែករួចហើយ បើមានបញ្ហារាំងស្ទះណាមួយសូមប្រញាប់រាយការណ៍ផ្ទាល់ មករូបលោកសំដៅធ្វើឲ្យកិច្ចដំណើរការព្រឹត្តិការណ៍ កំពតសង្ក្រាន្ត ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ។
លោកអភិបាលខេត្ត ក៏សង្ឃឹមថា ព្រឹត្តិការណ៍កំពតសង្ក្រាន្តដែលរដ្ឋបាលខេត្តកំពតរៀបចំឆ្នាំនេះ នឹងមានភាពកាន់តែធំ និងសប្បាយរីករាយព្រមទាំងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលរួមកម្សាន្ដរីករាយជាងបណ្ដាឆ្នាំកន្លងទៅ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយយុវជន ទាំងបីក្រុមនោះ លោក ជាវ ក៏បានជូនថវិកាដល់យុវជនទាំងបីក្រុម ជាង៦០០នាក់ ដែលត្រូវចូលរួមក្នុងកម្មវិធីកំពតសង្ក្រាន្ដ សរុបចំនួន ១៨,០០០ដុល្លារអាមេរិកផងដែរ៕