(ភ្នំពេញ)៖ ត្រឹមរយៈពេល៥ឆ្នាំ នៃការចាប់ផ្ដើមរបស់ខយ KOI នៅកម្ពុជា ខយ KOI បានសម្រេចនូវជោគជ័យយ៉ាងខ្លាំង ដោយមានលទ្ធភាពឈរជើងប្រកួតប្រជែង បង្កើនកិត្តិនាម និងដណ្ដើមបានអ្នកគាំទ្រជាច្រើនលើសលប់ ក្នុងរយៈពេល៥ឆ្នាំ ដោយក្នុងនោះ ខយតេ KOI Thé បានលក់អស់ដល់ទៅជាង១០លានកែវ។

ក្នុងឱកាសខួបគំរប់៥ឆ្នាំ របស់ខយតេ KOI Thé នៅកម្ពុជា ដែលធ្វើឡើងនាពេលថ្មីៗនេះ លោក តាន់ បូរ័ត្ន នាយកផ្នែកប្រតិបត្តិរបស់ ខយតេ KOI Thé បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ខយ KOI សម្រេចបានជោគជ័យជាខ្លាំង ដោយមានការគាំទ្រយ៉ាងច្រើនពីអតិថិជន ទោះបីជាត្រូវប្រកួតប្រជែងជាមួយ តែម៉ាកផ្សេងទៀតជាច្រើនក្ដី។

នាយកផ្នែកប្រតិបត្តិរបស់ ខយតេ KOI Thé រូបនេះ បានបន្ដទៀតថា ជោគជ័យនេះ គឺមកពីការរក្សារសជាតិឆ្ងាញ់របស់ខយ KOI តាំងពីថ្ងៃដំបូង និង ជាពិសេស មានការរួមចំណែកយ៉ាងធំ ពីបុគ្គលិកគ្រប់ផ្នែក ក្នុងការផ្ដល់សេវាល្អ និងរសជាតិមិនប្រែប្រួលជូនអតិថិជន ដែលទទួលបានការកោតសសើរ និងគាំទ្រនៅគ្រប់សាខា។

លោក តាន់ បូរ័ត្ន បានបញ្ជាក់ថា «សម្រាប់ឆ្នាំ២០១៩នេះ ខយ KOI ក៏នឹងពង្រីកសាខាជាច្រើនទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ គិតមកត្រឹមពេលនេះ ខយ KOI មានសាខាចំនួន១៣រួចទៅហើយ ដែលកំពុងដំណើរការ យ៉ាងជោគជ័យ»។ លោក ក៏សូមអរគុណចំពោះការគាំទ្រ និងក្តីស្រលាញ់ ដែលអតិថិជនបានផ្តល់ឲ្យខយតេ KOI Thé រយៈពេល៥ឆ្នាំនេះ តាំងពីថ្ងៃទី១ រហូតមក សង្ឃឹមថាអតិថិជននឹងនៅតែបន្តការគាំទ្រ។

ជាមួយគ្នានោះ លោក តាន់ បូរ័ត្ន បានលើកឡើងថា ក្រុមការងារខយតេ KOI Thé ទាំងអស់ សូមសន្យាថា នឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្តរក្សារសជាតិឲ្យនៅតែឆ្ងាញ់ និងការធ្វើដោយដៃនៃភេសជ្ជៈនីមួយៗ ឲ្យនៅជាប់ចិត្តដដែល៕