(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ បានចំណាយពេលពេញថ្ងៃចុះទៅធ្វើជាអ្នករត់ម៉ូតូឌុប ដើម្បីសិក្សាពីជីវិតរបស់អ្នកម៉ូតូឌុប និងការរកចំណូលប្រចាំថ្ងៃរបស់ពួកគេ។
គោលដៅដែលលោក សុខ ទូច បានចុះទៅចាប់ភ្ញៀវពេលបន្លំខ្លួនធ្វើជាអ្នករត់ម៉ូតូឌុបនៅថ្ងៃម្សិលមិញនេះ រួមមាននៅផ្សារចាស់ ផ្សារថ្មី និងផ្សារស៊ីលឹប។ តែការបន្លំខ្លួនទៅរត់ម៉ូតូឌុបនេះ លោក សុខ ទូច រកភ្ញៀវដឹកមិនបាននោះទេ។ បើតាមការរៀបរាប់របស់លោក សុខ ទូច គ្រាន់តែឃើញមុខលោកភ្លាម គេក៏ស្គាល់ ហើយក៏មិនបានជិះជាមួយនោះដែរ។
លោក សុខ ទូច បានប្រាប់ Fresh News ថា ការដែលលោកបន្លំខ្លួនទៅធ្វើអ្នករត់ម៉ូតូឌុបនេះ គឺចង់សិក្សាស្វែងយល់ពីជីវភាពរបស់អ្នករត់ម៉ូតូ ក៏ដូចជាការស្វែងរកចំណូលប្រចាំថ្ងៃរបស់ពួកគាត់។
បើទោះបីជារកភ្ញៀវដឹកមិនបានយ៉ាងណាក្តី លោក សុខ ទូច ក៏បានឆ្លៀតសាកសួរជាមួយអ្នកប្រកបរត់ម៉ូតូឌុបផងដែរ ដើម្បីបានដឹងពីស្ថានភាពរបស់អ្នករត់ម៉ូតូឌុប។ តាមរយៈការសាកសួររបស់អ្នករត់ម៉ូតូឌុបនោះ នាំឱ្យលោកទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការរត់ម៉ូតូឌុប។
លោក សុខ ទូច បានឱ្យដឹងថា សម្រាប់អ្នកប្រកបអាជីពជាអ្នករត់ម៉ូតូតែម្តង គឺពួកគាត់អាចរកភ្ញៀវបាននៅតាមផ្សារ នៅតាមសាលារៀន ក៏ដូចជានៅតាមចំណតរថយន្តឈ្នួល។ តែបើការជិះរកភ្ញៀវនៅតាមផ្លូវ គឺមិនឈ្នះម៉ូតូកង់បីនោះទេ ព្រោះម៉ូតូកង់បីមានកម្មវិធីសម្រាប់ហៅភ្ញៀវតាមទូរស័ព្ទដៃ។
បើតាមលោក សុខ ទូច អ្នកដែលប្រកបអាជីពរត់ម៉ូតូកង់បីតែម្តងហើយចេញរត់ឌុបតាំងពីព្រឹករហូតដល់ពេលល្ងាច គឺគាត់អាចរកចំណូលបានចន្លោះពី ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដោយឡែកអ្នកដែលប្រកបរបរផ្សេង ហើយឆ្លៀតទៅរត់ម៉ូតូឌុបពេលទំនេរពីការងារនោះ គាត់អាចបានក្នុងចន្លោះត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ៕