(បន្ទាយមានជ័យ)៖ ដោយសង្កេតឃើញពីភាពរីកចម្រើន ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ចេះតែរីកលូតលាស់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នោះនាថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យ លី ហេង និងក្រុមហ៊ុន តារិទ្ធអ៊ិនវេស្សមិន ក្រុងប៉ោយប៉ែត បានចាប់ដៃគូគ្នាវិយោគថវិកាជិត៥០លានដុល្លារ នៅក្នុងវិស័យអចលនាទ្រព្យ ដើម្បីចូលរួមចំណែកអភិវឌ្ឍទៅក្រុងប៉ោយប៉ែត ឱ្យកាន់តែរីកចម្រើនលើវិស័យសំណង និងអចលនទ្រព្យបន្ថែមទៀត។
ក្រុមហ៊ុនអចលនទ្រព្យលីហេង និងក្រុមហ៊ុនតារិទ្ធអ៊ិនវេស្សមិន ក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាកព័ត៌មាន Fresh News ឱ្យដឹងថា ក្រុមហ៊ុនទាំងបានចាប់ដៃគូរគ្នានៅពេលនេះ ដោយយល់ឃើញថា នៅក្រុងប៉ោយប៉ែត មានកំណើនសេដ្ឋកិច្ច កំណើនប្រជាជន កំណើនជនបរទេសកើនឡើងជាបន្តបន្ទាប់។ ដូច្នេះក្រុមហ៊ុនទាំង២ បានសម្រេចចិត្តដាក់វិយោគថវិកា៥០លានដុល្លារ។
ថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថានៅក្រុងប៉ោយប៉ែត កំពុងរីកដុះដាលវិស័យសំណង វិស័យអចលនាទ្រព្យយ៉ាងខ្លាំងខ្លា ក្នុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះ ឆ្នាំ២០១៩ ហើយក៏មានតម្លៃខ្ពស់ផងដែរ។ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនមានគោលបំណង ចូលរួមចំណែកក្នុងការអភិវឌ្ឍផ្លូវបេតុង ពីទីតាំងគម្រោងឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្តាល ប្រមាណជា២ពាន់ម៉ែត្រ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនទាំង២ នឹងបើកកម្មវិធីប្រគុំតន្រ្តីចាប់មហារង្វាន់ចំណាយថវិកាប្រមាណជា១៨ម៉ឺនដុល្លារ នៃគម្រោងអភិវឌ្ឍនលំនៅដ្ឋាន ក្រុមហ៊ុនអចលនទ្រព្យ លី ហេង និងក្រុមហ៊ុន តារិទ្ធអ៊ិនវេស្សមិន ក្រុងប៉ោយប៉ែត ទីតាំងជាប់ផ្លូវជាតិលេខ៥៨ ហួសរង្វង់មូលប្រមាណជា២៥០ម៉ែត្រ មានសក្ដានុពលពិសេសជុំវិញទីតាំងដី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ថា មហារង្វាន់ក្រុមហ៊ុនអចលនទ្រព្យ លីហេង និងក្រុមហ៊ុន តារិទ្ធអ៊ិនវេស្សមិន ក្រុងប៉ោយប៉ែត រួមមាន៖ រថយន្ត Mazda តូច១គ្រឿង, ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ចំនួន៣គ្រឿង, ទូទឹកកកធំ ចំនួន៥គ្រឿង, ទូរទស្ស LCD ចំនួន៥គ្រឿង, ទូរស័ព្ទ IPHONE X Mas ចំនួន ៣គ្រឿង ផងដែរ៕