(កំពង់ស្ពឺ)៖ លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅថ្ងៃខាងមុខនេះរោងចក្រធំៗរបស់ប្រទេសចិនចំនួន៥ផ្សេងទៀត នឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណជាង៤ម៉ឺននាក់។
កាតរលើកឡើងរបស់លោក វ៉ី សំណាង បានធ្វើឡើង បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែមេសា ឆ្នាំ២០១៩ តបតាមការអញ្ជើញ របស់អគ្គនាយកក្រុមហ៊ុននៅខេត្តក្វាងទុង ដើម្បីអញ្ជើញទស្សនៈកិច្ច នៅស្នាក់ការកណ្តាលនៃក្រុមហ៊ុនលិថៃ ដែលជាក្រុមហ៊ុនផលិតម៉ូតគំរូ ដើម្បីចែកចាយទៅបណ្តារសាខារោងចក្រ នៅតាមប្រទេសផ្សេងៗ ដើម្បីផលិតបន្តក្នុងនោះនៅប្រទេសកម្ពុជា ក៏មានសាខារោងចក្រនេះមានចំនួន២កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្លាំងពលកម្មសរុបប្រមាណ ១២,០០០នាក់ កំពុងដំណើរការសព្វថ្ងៃ។
ចំពោះរោងចក្រ ២ខាងលើនេះ គឺមកវិនិយោគតាមរយៈដំណើរទស្សនកិច្ចលើកដំបូងនៅទីក្រុងហុង កុង របស់លោកកាលពីឆ្នាំ២០១៧ ដែលក្រុមហ៊ុននេះមានការជឿជាក់ ហើយទៅរកស៊ីនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តកំពង់ស្ពឺ តែម្តង។
ក្នុងជំនួបនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ និងអគ្គនាយកក្រុមហ៊ុន លោក An U បានអះអាងថា នៅពេលខាងមុខនេះ មានក្រុមហ៊ុនចំនួន៥ទៀត ដែលជាដៃគូររបស់លោក នឹងទៅវិនិយោគនៅប្រទេសកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះជាបន្តទៀត។
តាមរយៈការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការរីកចម្រើនរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សធ្វើក្រុមហ៊ុនវិនិយោគចិន សម្រេចចិត្តទៅបើកក្រុមហ៊ុនទាំង៥ នៅខេត្តកំពង់ស្ពឺ នាពេលខាងមុខបន្តរួមមានទី១៖ រោងចក្រ ផលិត ស្បែកជើង, ទី២៖ រោងចក្រ កែច្នៃមាស, ទី៣៖ រោងចក្រ ជ្រលក់ពណ៌, ទី៤៖ រោងចក្រ កាត់ដេរសម្លៀកបំពាក់គេងយប់, ទី៥៖ ក្រុមហ៊ុន ផលិតគ្រឿងសង្ហាររឹមរោងចក្រទាំង៥ខាងលើនេះ មានគម្រោងប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៤ម៉ឺនាក់បន្ថែមទៀត៕