(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ទៅមន្រ្តី និងសមត្ថកិច្ចទាំងអស់ ត្រូវទប់ស្កាត់កុំមានបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន បើមានការជួញដូរគ្រឿងញៀននៅកន្លែងណា ត្រូវបង្រ្កាបឲ្យបានជាដាច់ខាត អ្នកជួញដូរគ្រឿងញៀន ច្បាប់ត្រូវបានឲ្យជាប់ទោសអស់១ជីវិត ដោយគ្មានការលើកលែង ទោសឡើយ។
ការក្រើនរម្លឹករបស់សម្តេចក្រឡាហោម បានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនជាមន្រ្តីរាជស៊ីវិល សមាជិកសមាគមអតីតយុទ្ធជន ជាជនពិការក្នុងក្រុងបាត់ដំបង និងមន្រ្តីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ទីប្រឹក្សារដ្ឋាភិបាល សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រតិភូអមដំណើរប្រធានក្រុមការងារចុះជួយក្រុងស្រុកថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការសរុបចូលរួម ២,៧១៦នាក់។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរ និងប្រមូលផ្តុំមន្រ្តីរាជការចូលនិវត្ត អតីតយុទ្ធជន អ្នកដែលអាចលទ្ធភាពធ្វើការ បានឲ្យមកចូលរួមជួយការងារផ្សេងៗ តាមការជាក់ស្តែងរបស់ពួកគាត់ម្នាក់ៗ ដើម្បីលើកស្ទួយជីវភាពមានប្រាក់ចំណូល ផងព្រមទាំងជួយបណ្តុះបណ្តាលកូនចៅរបស់ពួកគាត់ថែមទៀត ដូចជានៅតាមសាលារៀន វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សាកលវិទ្យាល័យផ្សេងៗ និងទទួលឲ្យចូលធ្វើការងារនៅតាមកន្លែងផ្សេងៗគ្នា បានមួយចំនួនទៀតផង។
សម្តេចក្រឡាហោម បានបញ្ជាក់ថា «ក្មេងៗជំនាន់ក្រោយមិនត្រូវភ្លេចចាស់ៗ ដែលបានចូលនិវត្តទៅហើយនោះទេ ព្រោះពួកគាត់ជាអ្នកត្រួសត្រាយផ្លូវធ្វើការងារ និងបានបន្សល់ទុក នូវស្នាដៃចំណេះដឹង បទពិសោធន៍សមិទ្ធិផលជាច្រើន ទុកឲ្យពួកយើងជាក្មេងជំនាន់ក្រោយ បន្តវេណអនុវត្តបន្តការពារឲ្យបានគង់វង្សយូរអង្វែងតរហូតទៅ»។
សម្តេចថា បន្ទាប់ពីគ្រឿងញៀនបានវាយលុកចូលស្រុកធ្វើឲ្យអ្នករងគ្រោះដោយសារគ្រឿងញៀន យើងក៏ត្រូវធ្វើកន្លែងស្តារនីតិសម្បទា ព្យាបាលបន្សាបសារធាតុញៀនឲ្យអ្នកញៀន ថ្នាំទាំងនោះនៅមួយកន្លែងដើម្បីព្យាបាល និងត្រូវចៀសនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ហើយយើងក៏ត្រូវគិតគូរពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែរនិង នាំគ្នាគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្តិភាពការពារទប់ស្កាត់ អាត្រាស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅសល់កំរិតទាបបំផុត ឬគ្មានការគ្រោះថ្នាក់ចរាចរណ៍នាពេល អនាគតផងដែរ។
ទាំងមន្រ្តីរាជការកំពុងធ្វើការ និងមន្រ្តីចូលនិវត្ត គឺរាជរដ្ឋាភិបាលបានយកចិត្តដាក់ គឺមានគោលការណ៍តម្លើងប្រាក់បៀវត្សដូចគ្នា ដោយផ្អែកលើកំណើនសេដ្ឋកិច្វជាតិយើងផងដែរ។ សម្តេចបានក្រើនរំលឹកផងដែរថា យើងទាំងអស់គ្នាត្រូវហូបចំណីអាហារដែលមានអនាម័យល្អជាចំបង មិនមែនហូបដើម្បីឆ្ងាញ់នោះទេ។ ក្នុងកម្មវិធីនេះដែរសម្តេច បានជូនថវិកាកំដរដៃអ្នកចូលរួម ទាំងអស់ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរ៕