(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនាមជាគ្រូពេទ្យ ត្រូវយល់ឱ្យច្បាស់ពីកាតព្វកិច្ច និងសិទ្ធិរបស់គ្រូពេទ្យ ដោយធ្វើយ៉ាងម៉េចឱ្យមានការបម្រែបម្រួល ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព គុណធម៌ និងសមធម៌ ដោយមិនគិតលុយជាធំ។
ការថ្លែងបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងពិធីសម្ពោធគម្រោងចំនួនពីរ ដែលផ្តល់គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)
គឺគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (Enhancing Quality of Healthcare Activity - EQHA) និងគម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខមាលភាព (Promoting Healthy Behaviors – PHB) នៅសណ្ឋាគារ សូហ្វីតែល នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា «កន្លងមកនេះ ពេទ្យមួយចំនួនតូច ទាល់តែមានលុយទើបមើល នេះគឺមិនមែនគ្រូពេទ្យទេ បើចឹងទៅរកស៊ីលក់ដូរវិញទៅ ព្រោះជីវិតមនុស្សយើងមិនអាចរកស៊ីលក់ដូរចឹងកើតនោះទេ ត្បិតតែមកពិនិត្យព្យាបាល ត្រូវយកលុយហើយចំពោះសេវាឯកជន តែត្រូវធ្វើបែបបទជាក់លាក់ត្រឹមត្រូវមួយ ជាមួយអ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺ កុំឱ្យមានករណីមិនប្រក្រតី ចេះតែកើតមានឡើងនោះ» ។
ជាងនេះទៅទៀត លោកស្រីបន្ដថា «សេវាឯកជន ត្រូវតែប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ពិតណាស់ការផ្ដល់សេវាត្រូវតែយកលុយ តែត្រូវមានការបញ្ជាក់ពីសេវាឱ្យបានជាក់លាក់ពិតប្រាកដ និងត្រឹមត្រូវ ដោយឈឺអី ព្យាបាលជំងឺនោះទៅ កុំចេះតែពិនិត្យៗលើសជំងឺនោះ ដើម្បីយកតែលុយនោះ។ លើសពីនោះ ក្រសួងសុខាភិបាល គឺតែងតែណែនាំដល់សេវារដ្ឋ និងឯកជន ត្រូវតែបិទតារាងតម្លៃជាស្រេច ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជៀសវាងមានករណីដូចកន្លងមក»។
ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ បានស្នើដល់ដៃគូពាក់ព័ន្ធ រួមគ្នាវែករកមុខ អ្នកដែលប្រព្រឹត្ដខុសនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យនេះ ដែលមានតែមួយចំនួនតូចនេះ ឱ្យឃើញ ដើម្បីកុំឱ្យបន្ដប៉ះពាល់ទៅដល់គ្រូពេទ្យ ដែលគេខិតខំគោរពប្រតិបត្ដិបានយ៉ាងល្អខ្ជាប់ខ្ជួន ជូនប្រជាពលរដ្ឋ ។ពិសេស ស្នើដល់ USAID បន្ដជួយដល់លើកកម្ពស់គុណភាពសេវាសាធារណៈ និងឯកជន និងបន្ដជួយបណ្ដុះបណ្ដាល ដល់មន្ដ្រីសុខាភិបាលបន្ថែមទៀត ដើម្បីឱ្យដើរទាន់តែបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ ។
លោកស្រីបន្ដថា ក្នុងឱកាសបើកសម្ពោធគម្រោងទាំងពីររបស់ USAID នៅពេលនេះ គឺស្របទៅនឹងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយកាលពីថ្មីៗនេះ ដោយបានសង្កត់ធ្ងន់ លើអាទិភាពវិស័យសុខាភិបាល នៅកំរិតយុទ្ធសាស្រ្ត ដែលកំណត់ថា ការផ្តល់សេវាសុខាភិបាល ជាធុរកិច្ចស្នូល ដើម្បីធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និងប្រកបដោយសមធ៌ម ដែលរួមមាន ការពង្រីកការគ្របដណ្តប់នៃសេវា និងលើកកម្ពស់គុណភាពសេវា នៅគ្រប់ភូមិសាស្ត្រទូទាំងប្រទេស និងពង្រីកការគ្របដណ្តប់ នៃយន្តការគាំពារសុខភាពសង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមកិច្ច។
ដូចច្នេះគម្រោងទាំងពីរ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)នេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងបានឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្រ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តសុខាភិបាល ដំណាក់កាលទី៣ (២០១៦-២០២០) របស់ក្រសួងសុខាភិបាល ។ ដោយគម្រោងទី១ «EQHA» ដែលដឹកនាំការអនុវត្តដោយ អង្គការ FHI 360 នឹងចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាថែទាំសុខភាព ពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនការប្រើប្រាស់សេវា ពីសំណាក់អតិថិជន ទាំងនៅតាមសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន។
ការអនុវត្តគម្រោងនេះ នឹងបង្កើតបរិយាកាសល្អ ក្នុងការធ្វើការរួមគ្នារវាងថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលនិងដៃគូអភិវឌ្ឍន៍នៃវិស័យសុខាភិបាលពាក់ពន្ធ័នានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងទាំងអ្នកផ្តល់សេវាថែទាំសុខភាពសាធារណៈ និងឯកជន ដោយផ្តោតលើតម្រូវការរបស់អតិថិជនជាស្នូល។ ពិសេសគម្រោង EQHA មានវិសាលភាពទូលំទូលាយ ក្នុងការឆ្លើយតបនឹងកម្មវត្ថុយុទ្ធសាស្រ្តនានា របស់ក្រសួងសុខាភិបាល និងបំពេញបន្ថែមលើអន្តរាគមន៍ និងគម្រោងនានារបស់រាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍សុខាភិបាល ដែលបាននិងកំពុងអនុវត្ត ដើម្បីធ្វើឲ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាជន កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។
គម្រោងទី ២ «PHB» ដែលអនុវត្តដោយ អង្គការ PSI កម្ពុជា ផ្តោតទៅលើការធ្វើឱ្យប្រសើរឡើង នៃលទ្ធផលសុខភាព ដោយចូលរួមជាមួយថ្នាក់ដឹកនាំសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងអ្នកផ្តល់សេវាសុខភាពសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹង និងធ្វើឱ្យមានការយល់ដឹង ក្លាយទៅជាការអនុវត្តជាក់ស្តែង ពោលគឺជាសកម្មភាពផ្លាស់ប្តូរឥរិយាបថ ពីបច្ចុប្បន្ន ទៅរកឥរិយាបថប្រកបដោយសុខុមាលភាពរបស់ប្រជាជន និងមានចំនេះដឹងគ្រប់គ្រាន់ ក្នុងការស្វែងរក និងទទួលបានសេវាសុខភាពប្រកបដោយគុណភាព។
គម្រោងទាំង២នេះ មានចំនុចខ្លាំងមួយចំនួន រួមមាន ការធ្វើការទាំងជាមួយវិស័យសាធារណៈ និងវិស័យឯកជន ការពង្រឹងប្រព័ន្ធសុខាភិបាល និងសមត្ថភាពស្ថាប័ន (institutional capacity) របស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់របស់ក្រសួងសុខាភិបាល និងការផ្តោតលើតម្រូវការរបស់អតិថិជនជាស្នូល និងស្ថេរភាពយូរអង្វែងរបស់សេវា។
ព្រមជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បាមថ្លែងថា «ខ្ញុំរំពឹងយ៉ាងមុតមាំថា គម្រោងទាំង២នេះ នឹងចូលរួមចំណែក និងបំពេញបន្ថែមទៅលើអន្តរាគមន៍ និងគម្រោងនានា ដែលមានស្រាប់របស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាក្នុងលើកសកម្ពស់គុណភាពសេវាថែទាំសុខភាព និងធ្វើការជាមួយសហគមន៍ ក្នុងផ្លាស់ប្តូរឥរិយាបថ លើកស្ទួយការប្រព្រឹត្តប្រកបដោយសុខភាព។ ខ្ញុំសង្ឃឹមថាអង្គការទាំង២ រួមទាំងដៃគូផ្សេងៗទៀត និងទទួលបានជោគជ័យ ក្នុងការអនុវត្តន៍គម្រោងនេះ។ ក្រសួងសុខាភិបាល ក៏នឹងបន្តផ្តល់នូវការគាំទ្រ និងភាពងាយស្រួល ដល់ការអនុវត្តន៍ គម្រោងទាំងពីរនេះផងដែរ»។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះUSAID ដែលបានឧបត្ថម្ភមូលនិធិ ដល់ការអនុវត្តន៍គម្រោងដ៏សំខាន់ទាំង២នេះ។ កន្លងមក USAID តែងតែរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យសុខាភិបាល ទៅតាមចក្ខុវិស័យសុខាភិបាល របស់រដ្ឋាភិបាល គឺ «សុខភាព និងសុខុមាលភាពពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ប្រកបដោយចិរភាព» ដែលនេះ សរបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងល្អ របស់រាជរដ្ឋាភិបាល និង USAID ក៏ដូចជារវាងពលរដ្ឋអាមេរិក និងកម្ពុជាផងដែរ៕