(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួមរក្សាសន្តិភាពនៅប្រទេសដទៃ តែក៏មិនចង់ឲ្យប្រទេសទាំងនោះជួបរឿងប្រើប្រាស់ក្រដាសប្រាក់ដុល្លារ យ៉ាងគំហុកដូចកម្ពុជាពីអតីតកាលនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ទើបត្រឡប់មកពីទីក្រុងញ៉ូវយ៉ក ដើម្បីចូលរួមប្រជុំបណ្តាប្រទេសដែលបរិច្ចាគកម្លាំងប្រតិបត្តិការ នៅក្រៅប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ មកដល់ពេលនេះ ខ្ញុំក៏មិនច្បាស់ថា ប្រទេសម៉ាលី ប្រទេសសអាហ្វ្រិកកណ្តាល នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ដែលកំពុងមានកងទ័ពកម្ពុជានោះ តើប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់រូបិយប័ណ្ណបរទេស ដែលអង្គការសហប្រជាជាតិបើកឲ្យកងទ័ពកម្ពុជានោះ ត្រូវបានប្រើជំនួសដោយរូបិយប័ណ្ណ នៃប្រទេសទាំងនោះទេ។ ប្រហែលជាសំណួរនេះ ត្រូវបញ្ជូនឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ប៉ុល សារឿន ស្រាវជ្រាវដើម្បីធ្វើការងារពីបញ្ហានេះ ព្រោះថា នេះជាបទពិសោធន៍មួយរបស់កម្ពុជា»

សម្តេចបានបន្តថា «ពិតមែនហើយថា ប្រាក់រៀលយើងនៅតែមានតួនាទីសំខាន់ ក៏ប៉ុន្តែប្រាក់ដុល្លារមិនអាចបញ្ឈប់បាននៅក្នុងរយៈពេលនេះនោះទេ។ ចំណុចត្រង់នេះ ជាចំណុចអាចត្រូវលើក ជាបទពិសោធន៍សម្រាប់សកម្មភាព នៃប្រទេសដែលស្វែងរកសន្តិភាព ហើយដែលមានវត្តមានកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នៅពេលក្រោយដែលកម្ពុជាបានត្រៀមរួចរាល់ សម្រាប់ការចូលរួមប្រតិបត្តិការនៅប្រទេសដទៃផ្សេងទៀត មិនមែនគ្រាន់តែប្រទេស៤ ដូចដែលយើងកំពុងស្ថិតនៅនោះទេ ក៏ប៉ុន្តែយើងក៏ចង់មានការចូលរួមជាមួយដៃគូអន្តរជាតិរបស់យើង ដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិសុខក្នុងប្រទេសនោះ ក៏ប៉ុន្តែយើងក៏មិនចង់ឲ្យប្រទេសនោះដើរតាមគន្លងរបស់កម្ពុជា ដោយមានដាក់គំហុកនូវប្រាក់បរទេស ហើយដែលក្នុងរយៈកាលក្រោយមក រហូតមកដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំរួចមកហើយ ក៏ប៉ុន្តែប្រាក់ដុល្លារនៅតែបន្តប្រើប្រាស់នៅលើទឹកដីកម្ពុជារបស់យើង»

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារ នៅប្រទេសកម្ពុជាកាលពីអតីតកាល គឺជាបទពិសោធន៍មួយសម្រាប់ប្រទេសដទៃទៀត ដែលមានវត្តមានកងកម្លាំងរក្សាសន្តិភាពត្រូវគិតគូរ ដើម្បីចៀសវាងការប្រើក្រដាស់ប្រាក់ដុល្លារយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃរូបិយវត្ថុរបស់ប្រទេសនោះធ្លាក់តម្លៃ។

សម្តេចបានរម្លឹកថា វត្តមានរូបិយប័ណ្ណប្រាក់ដុល្លារ មានដំណាក់កាលខ្លាំងបំផុតនៅសម័យអ៊ុនតាក់ ដែលពេលនោះអ៊ុនតាក់ បានចំណាយប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ស្វែងរកសន្តិភាពសម្រាប់កម្ពុជា ហើយអ៊ុនតាក់ មិនបានឆ្លងកាត់ការប្រើប្រាស់ជាប្រាក់ដុល្លារ ប្តូរជាប្រាក់រៀលដើម្បីបើកឲ្យបុគ្គលិករបស់អ៊ុនតាក់ទេ ប៉ុន្តែអ៊ុនតាក់បានប្រើប្រាស់ដុល្លារបើកត្រង់ទៅបុគ្គលិករបស់គេ។ សម្តេចបន្តថា បុគ្គលិករបស់អ៊ុនតាក់ បានប្រើប្រាស់ប្រាក់នោះត្រង់ជាមួយប្រជាពលរដ្ឋកម្ពុជា ហើយចំណុចនេះក៏អាចបង្ហាញ ឲ្យឃើញការចាំបាច់ ដែលប្រទេសនៅលើពិភពលោកនេះ ក្នុងពេលដែលមានវត្តមានកងទ័ពបរទេសតើត្រូវធ្វើយ៉ាងណា?

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា គ្មានរបបណាដែលបំផ្លាញក្រដាសប្រាក់ចោលដូចរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយ ដូច្នេះការដោះដូរទំនិញរបស់កម្ពុជា នៅក្រោយរបបប៉ុលពតដួលរលំ គឺយកទំនិញទៅដោះដូរនឹងទំនិញ។ លុះដល់ដំណាក់ក្រោយមក អ្នកមានមាសក៏ចាប់ផ្តើមកាត់មាសដើម្បីដោះដូរទំនិញ ដោយសម្តេចបានចាត់ទុកប្រវត្តិដ៏ឈឺចាប់ របស់កម្ពុជានេះ គឺគ្មានប្រទេសណាធ្វើដូចនោះឡើយ៕