(កែប)៖ អាជ្ញាធរខេត្តកែប នឹងរៀបចំកម្មវិធីសង្ក្រាន្តដ៏ធំមួយ នៅខេត្តកែប រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ កម្មវិធីសង្ក្រាន្ត នេះ មានការចូលរួមសហការ ពីក្រុមហ៊ុនស្រាបៀរអង្គរ និងភេសជ្ជៈ Pepsi។

សង្គ្រាន្តកែបលើកទីមួយ ដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំ ជាមួយការ ចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំកម្ពុជា ព្រមទំាងមានកម្មវិធីកម្សាន្តដ៏ច្រើន ដូចជា ការតំាងពិព័រណ៌ពាណិជ្ជកម្ម ដែលមានលក់ផលិតផលជាច្រើនប្រភេទ ការរាំកម្សាន្ត អមដោយការលេងល្បែង ប្រជាប្រិយខ្មែរ ពីសំណាក់ក្រុមយុវជនសសយក ខេត្តកែបផងដែរ។

មិនតែប៉ុណ្ណោះ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរំាលេងបែបសម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយការរៀបចំ ឲ្យមានការបាញ់ទឹកបំបាត់ភាពក្តៅស្អុះស្អាប់ក្នុង «តំបន់ត្រជាក់ចិត្ត» ផងដែរ។

អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុន ក៏បាននាំយកកម្មវិធី ភ្លក្សប៉ិបស៊ី ភ្លក្សរសជាតិដ៏អស្ចារ្យ ឬ The Pepsi Taste Challenge ដែលបង្កើតបានជាទស្សនីយភាពមួយទៀត កាន់តែប្លែក កាន់តែសប្បាយ ញ៉ាំងព្រឹត្តិការណ៍ ទាំងមូលឲ្យកាន់តែទាក់ទាញ ដោយអ្នកចូលរួមទាំងអស់ នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើន ពីការភ្លក្សរសជាតិប៉ិបស៊ី និងការលែងហ្គេមកម្សាន្ត៕