(ភ្នំពេញ)៖ កម្មវិធីកម្សាន្តសប្បាយៗ ការលេងល្បែងរបាំប្រជាប្រិយ និងការបង្ហាញនូវទម្រង់សិល្បៈទាំងបុរាណ និងសម័យជាច្រើនទម្រង់ កំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនៅវិទ្យាល័យជាស៊ីមបឹងកេងកង រយៈពេល៣យប់៣ថ្ងៃ ដើម្បីនាំមកនូវភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់។ កម្មវិធីកម្សាន្តសប្បាយទាំងអស់នេះ ត្រូវបានរៀបចំធ្វើឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) ហើយត្រូវបានប្រសិទ្ធនាមកម្មវិធីកម្សាន្តសប្បាយនេះថា «វេលាដ៏អស្ចារ្យ»។
កម្មវិធីកម្សាន្តសប្បាយដែលធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ មានការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈ និងការលេងរបាំប្រជាប្រិយជាច្រើនដូចជា៖ ការលេងល្បែងប្រជាប្រិយខ្មែរនានា, ការបោះអង្គញ់, ទាញព្រ័ត្រ, លោតបាវ, ការសម្តែងរបាំត្រុដិ, ការសម្តែងរបាំដាំស្រូវ និងការសម្តែងល្ខោនខោលជាដើម។ លើសពីនេះនៅពេលរាត្រីវិញ មានការរាំលេងកម្សាន្ត (EDM), ការសម្តែងចម្រៀង, ការបង្ហាញម៉ូដ និងការកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត។ ក្រៅពីការសម្តែងសិល្បៈ ការលេងល្បែងរបាំប្រជាប្រិយរបស់ខ្មែរហើយនោះ ក្នុងកម្មវិធីនេះ ក៏មានការលក់ម្ហូបអាហារ ចំណីចំណុក សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News លោក សំហេង បូរ៉ា សមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍ «វេលាដ៏អស្ចារ្យ» បានបញ្ជាក់ថា នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៣៖០០ ដែលជាថ្ងៃចុងក្រោយនេះ កម្មវិធីនឹងរៀបចំពិធីបែបសាសនា គឺការស្រង់ព្រះផងដែរ។
លោកបានរម្លឹកដែរថា «វេលាដ៏អស្ចារ្យ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងរួបរួមគ្នា ដើម្បីលើកកម្ពស់នូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់បុព្វបុរសខ្មែរ ព្រមទាំងផ្សារភ្ជាប់ទំនៀមទម្លាប់ ទៅនឹងសហគ្រិនភាពដើម្បីបណ្តុះគំនិតច្នៃប្រឌិត ក្នុងការបង្កើតធុរៈកិច្ចដែលគោរពតាមប្រពៃណីជាតិ និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងតំបន់ ហើយបង្កើតឱ្យមានភាពស្និទ្ធិស្នាលប្រកបដោយស្នាមញញឹម។ មិនត្រឹមតែប៉ុណ្ណោះ ក៏នឹងបង្ហាញពីចំណងដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការថែរក្សា អភិវឌ្ឍប្រពៃណី ទំនៀមទម្លាប់ខ្មែរក៏ដូចជា ផ្តល់នូវបរិយាកាសទាក់ទាញភ្ងៀវជាតិ និងអន្តរជាតិដើម្បីកម្សាន្ត និងស្វែងយល់ពីកម្ពុជាឱ្យបានស៉ីជម្រៅផងដែរ។
លោកបន្ត សំហេង បូរ៉ា បានគូសបញ្ជាក់ថា ចំណុចជាគោលដែលកម្មវិធីចង់រំលេច គឺការរស់នៅសាមគ្គីគ្នាជាធ្លុងតាមរយៈចម្រៀង និងរបាំ។ ព្រឹត្តិការណ៍កម្សាន្តសប្បាយ មុនឈានមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលរៀបចំជាលើកដំបូងក្នុងរាជធានីភ្នំពេញនេះ ត្រូវបានលោក សំហេង បូរ៉ា បង្ហាញក្តីរំពឹងថា នឹងមានអ្នកចូលរួមលេងកម្សាន្តរហូតដល់ទៅជាង ៥ម៉ឺននាក់។
លើសពីនេះទៅទៀត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោក សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ដែលបានឯកភាពឲ្យបង្កើតមានព្រឹត្តិការណ៍នេះឡើង។ លោក សំហេង បូរ៉ា បានសង្ឃឹមថា បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ទៅ នឹងធ្វើឲ្យយុវជន ស.ស.យ.ក កាន់តែមានសមត្ថភាពសកម្មចំពោះការងារស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ៕