(ភ្នំពេញ)៖ សិស្សវិទ្យាល័យរាប់រយនាក់ បានជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីប្រកួតគ្នាក្នុងកម្មវិធី Super Data Races ជាលើកដំបូងរបស់ Cellcard នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ។ Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់ឲ្យពួកគេសាកល្បង និងទទួលបទពិសោធន៍ នៃប្រព័ន្ធអ៊ីនធឺណិត ដែលមានល្បឿនលឿន។
ភាពជោគជ័យលើបណ្តាញសេវារបស់ក្រុមហ៊ុន Cellcard ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើន ជាបន្តបន្ទាប់ និងផ្ទួនៗគ្នា ពី Ookla និង Opensignal ដែលជាស្ថាប័នជំនាញ និងឈានមុខគេក្នុងពិភពលោក លើការធ្វើតេស្តលើបណ្តាញសេវា។
ពានរង្វាន់ចុងក្រោយបំផុត បានបង្ហាញថា បណ្តាញ 4G LTE របស់ក្រុមហ៊ុន Cellcard មិនត្រឹមតែលឿនជាងគេ នៅក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខេត្តសៀមរាប និងព្រះសីហនុផងដែរ។ ការប្រណាំង Super Data Races បានផ្តល់ឲ្យសិស្សនូវបទពិសោធន៍ផ្ទាល់ នៃល្បឿនទិន្នន័យចល័ត ខណៈដែលផ្តល់ឲ្យពួកគេនូវឱកាស ដើម្បីរីករាយជាមួយមិត្តភក្តិ និងឈ្នះរង្វាន់ដ៏អស្ចារ្យ។
ទំរង់បែបបទកម្មវិធីនេះ គឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាត ដែលត្រូវបានធ្វើឡើង នៅក្នុងទីក្រុងភ្នំពេញ និងសៀមរាប ដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវវ័យរហូតដល់ ជិត២,០០០នាក់។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានថ្លែងថា «យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះ និងកែឆ្នៃហ្គេមនេះ ឲ្យកាន់តែមានភាពសប្បាយរីករាយ និងប្រកួតប្រជែង សម្រាប់សិស្សានុសិស្ស»។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បន្ដថា «នេះគឺជាវិធីមួយដ៏ល្អ ដើម្បីផ្សារភ្ជាប់ជាមួយយុវជន ដែលជាអតិថិជនរបស់យើង និងដើម្បីផ្តល់ឲ្យពួកគេ នូវបទពិសោធន៍ថ្មី ដ៏គួរឲ្យរំភើប។ យើងនឹងផ្តល់នូវរង្វាន់ តាមបែបការរស់នៅ លក្ខណៈឌីជីថលរបស់ពួកគេ ដែលមានដូចជា Iphone 10S Max, iPad, Huawei Nova 3i, AirPod និង MiFis»។
លោក Ian Watson បន្ដថា «បន្ទាប់ពីព្រឹត្តិការណ៍នេះផងដែរ យើងក៏មានការប្រគុំតន្រ្តីខ្នាតតូច ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យ រួមទាំងសិល្បករ សិល្បការិនី និងអ្នកដំណាងសំខាន់ៗ នៅក្នុងបណ្តាញសង្គម Facebook ផងដែរ»។ លោក Watson បានបន្តទៀតថា អ្នកដែលមានចំណាប់អារម្មណ៍ គ្រាន់តែស្វែងរក Super Data Race នៅលើ App store របស់ពួកគេទាញយកកម្មវិធី និងចុះឈ្មោះលេង៕