(ភ្នំពេញ)៖ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពពិធីបើក អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះលោក អ៊ុក សាវុធ ក៏បានបញ្ជាក់អំពីគោលបំណង នៃអង្គសន្និបាតនេះ គឺសង្កត់ធ្ងន់ទៅលើការពង្រឹងការងារ និងក្រមសីលធម៌ ការធ្វើអធិការកិច្ចអយ្យការ ពន្ធនាគារមន្រ្តីនគរបាល យុត្តិធម៌ មន្ទីរស៊ើបសួរ ការពង្រឹងបន្ថែមគុណភាពសេចក្តីសម្រេច និងគោលការណ៍ឆាប់រហ័ស ជាពិសេសការប្រឈម និងការពង្រឹងបន្ថែមប្រព័ន្ធរដ្ឋបាលគាំទ្រ កិច្ចការតុលាការឱ្យកាន់តែ ប្រសើរថែមទៀត។

លោកអគ្គព្រះរាជអាជ្ញា បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់លោលោស្រីជា ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីអគ្គលេខាធិការដ្ឋាន រដ្ឋបាលទាំងអស់បានយកចិត្តទុកដាក់ ការងារបានយ៉ាងល្អ ទទួលនូវស្នាដៃជាច្រើនជូនដល់ស្ថាប័នសាលាឧទ្ធរណ៍។

អង្គសន្និបាតប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា អនុប្រធានសាលាឧទ្ធរណ៍ចៅក្រម ក្រឡាបញ្ជី និងអគ្គលេខាធិការ អគ្គលេខាធិការង ព្រមទាំងមន្រ្តី នៃអគលេខាធិកាតដ្ឋានរដ្ឋបាល សរុបចំនួន ២១០នាក់ ដើម្បីពិភាក្សាស្វែងរកបញ្ហាប្រឈមសំណូមពរ និងរកវិធីដោះស្រាយនូវបញ្ហាផ្សេងៗបានកើតឡើង នាឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ ២០១៩៕