(កំពង់ស្ពឺ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលានាយទាហានសកម្ម (ត្មាតពង) បានរៀបចំពិធីផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់នាយទាហាន និងនិស្សិតនាយទាហានសកម្មចំនួន១២០០នាក់។
ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហាន បានស្វាគមន៍ដល់ប្រតិភូដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមកធ្វើបទឧទ្ទេសនាមផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវបញ្ហាគ្រឿងញៀន ក្នុងសាលាក៏ដូចជានៅក្នុងជួរនាយទាហាន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមយ៉ាងសកម្ម អនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា អស់លោកក្មួយៗនៅទីនេះ មិនមែនជាមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀនទេ តែអាចជាជនបង្គោលសម្រាប់គ្រួសារមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងគ្រួសារ និងសហគមន៍ ព្រោះថាបញ្ហាគ្រឿងញៀនអាចជោគជ័យ បានលុះត្រាតែមានការចូលរួម ពីយើងទាំងអស់គ្នា ហើយត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហាផ្តាច់មុខរបស់នរណាម្នាក់ ឬក្រុមណាមួយឡើយ៕