(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យអាណាព្យាបាលនាដើមសតវត្សរ៍ទី២០។

អគារសារមន្ទីរជាអគារស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំង ដូចជាស្ថានីយរថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធ។ល។ ជាពិសេស គឺវត្តភ្នំ។ សារមន្ទីរនេះ ស្ថិតនៅជិតកំពង់ផែស្វយ័ត ដែលជាចំណតទូកវែង និងនាវា ចម្បាំងតូចៗ ដែលធ្វើដំណើរពីសៃហ្គន ប្រទេសវៀតណាម មកតាមទន្លេមេគង្គ និងមានព្រំប្រទល់ជាប់ផ្លូវលេខ១០៦ ពីដើមមានឈ្មោះថា ផែ «Verneville» នៅតាមបណ្តោយផ្លូវទឹកដែលតភ្ជាប់ពីបឹងកក់ ទៅទន្លេសាប ដែលជាគម្រោងប្រព័ន្ធប្រឡាយទឹកធំមួយដែលបារាំងបានធ្វើឡើង។

តំបន់នេះត្រូវបានអភិវឌ្ឍខ្លួនទៅជាតំបន់ទំនើបមួយយ៉ាងឆាប់រហ័ស។ សារមន្ទីរនេះ មិនត្រឹមតែមានទីតាំងនៅជិតផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងព័ទ្ធជុំវិញដោយអគាររបស់ធនាគារជាតិនៃកម្ពុជា គឺមណ្ឌលសិក្សាបច្ចេកទេស ធនាគារ ដែលជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកធនាគារជាតិនៃកម្ពុជា។

មុននឹងបានជួសជុលកែប្រែទៅជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» អគារសារមន្ទីរនេះស្ថិតក្នុងសភាពទ្រុឌទ្រោម។ ទ្រង់ទ្រាយនៃសារមន្ទីរនេះ ត្រូវបានរក្សាទុកឱ្យមានសភាពដើមតាមដែលអាចធ្វើទៅបាន ចំណែកផ្ទៃខាងក្នុងត្រូវបានរៀបចំ ដើម្បីដាក់តាំងបង្ហាញអំពីកំណប់រូបិយវត្ថុ និងវត្ថុបុរាណតាំងពីសម័យហ្វូណន។

លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់អគារសារមន្ទីរ ដែលត្រូវបានប្រសិទ្ធជាគម្រោង «ដ៏មានមហិច្ឆតា» នេះ ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចតេជោ ហ៊ុន សែន។ លោកអគ្គទេសាភិបាល បានអះអាងថា សារមន្ទីរស្តីអំពីប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជានេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើប្រាស់នាពេលកន្លងមក។

លោក ជា ចាន់តូ បានបន្ថែមថា ការសាងសង់ និងរចនានូវអគារសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ត្រូវបានចាប់ផ្តើមស្រាវជ្រាវពីចំណុចសូន្យ។ បើតាមលោក ជា ចាន់តូ ដោយសារតែប្រវត្តិសាស្ត្ររបស់កម្ពុជាមានការប្រែប្រួលច្រើន និងមានភាពស្មុគស្មាញ ព្រមទាំងមិនសូវមានការចងក្រងឯកសារផងនោះ បានបង្កជាការលំបាកក្នុងការចងក្រងប្រមូលផ្តុំ និងសាងសង់នូវសារមន្ទីរមួយនេះផងដែរ។

លោកអគ្គទេសាភិបាល បានអះអាងថា ដើម្បីសាងសង់សារមន្ទីរនេះឡើង គឺត្រូវធ្វើការងារពាក់ព័ន្ធនឹងចំណុចសំខាន់ៗចំនួន៣រួមមាន៖ ទីមួយ ការស្តារឡើងវិញនូវរឿងពិតដ៏សំខាន់មួយដែលជាញឹកញាប់មិនមានការយកចិត្តទុកដាក់ គឺរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា, ទីពីរ គឺការប្រមូលផ្តុំឯកសារ រូបភាព និងកាស ដើម្បីទុកជាភស្តុតាង និងទីបី គឺការផ្តល់ជូននូវទីកន្លែងនៃចំណេះដឹងទំនើបថ្មីមួយ និងប្រកបដោយអន្តរកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់សិស្ស និងនិស្សិត។

សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌុល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណនរហូតដល់បច្ចុប្បន្ន។ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់ភាពសប្បាយរីករាយ និងចំណេះដឹងដល់សាធារណជន។

សារមន្ទីរនេះ ក៏មានបណ្ណាល័យ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងកាហ្វេ និងសួនច្បារដ៏ស្រស់ស្អាត។ បន្ទាប់ពីបើកសម្ពោធហើយសាធារណជននឹងអនុញ្ញាតឱ្យចូលទស្សនានៅក្នុងសារមន្ទីរដែលបង្ហាញពីប្រវត្តិនៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាតាំងពីសម័យហ្វូណនមួយនេះ។

ភាពសម្បូរបែបនៃការពិពណ៌នាតាមរយៈការតាំងពិព័រណ៍ វីដេអូ និងគំនូរជីវលនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ័្មន» ដែលរួមមានវីដេអូចំនួន៥០ ល្បែងកម្សាន្ត និងអេក្រង់ប៉ះ (Touch Screens) ទូតាំងពិព័រណ៍ ផ្ទាំងអក្សរ ក៏ដូចជាការរៀបចំសាច់រឿងតាមបែបសម័យទំនើប ដែលរចនា និងផលិតដោយក្រុមហ៊ុននៅកម្ពុជា នឹងផ្តល់ភាពពេញចិត្តដល់សាធារណជនកម្ពុជា និងបរទេសផងដែរ៕ 

<