(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញមកដល់កម្ពុជាវិញហើយ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានចូលរួមប្រជុំ ថ្នាក់រដ្ឋមន្រ្ដី ក្រសួងជំនាញ នៅទីក្រុង San Jose សាធារណរដ្ឋ Costa Rica ស្តីពី «អនាម័យ និងទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយអង្គការ UNICEF និងក្រុមប្រឹក្សាសហការការងារទឹកស្អាត ការរស់នៅស្អាត និងអនាម័យ (Water Supply Sanitation Collaborative Council, WSSCC)។ កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ដោយមានការចូលរួម ពីរដ្ឋមន្រ្តីបណ្តាប្រទេស ជាង៥០អង្គការ អន្តរជាតិ ព្រមទាំងវិស័យឯកជន ក្រោមអធិបតីភាពលោក Carlos Alvarado Quesada ប្រធានាធិបតី នៃសាធារណរដ្ឋ Costa Rica។
គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពដែលទទួលបាន សម្រាប់ការងារផ្គត់ផ្គង់ទឹក ការរស់នៅស្អាត និងអនាម័យ និងចែករំលែកនូវបទពិសោធន៍ ដែលទទួលបានពីបណ្តាប្រទេសពាក់ព័ន្ធ សម្រាប់រៀបចំ ជាយុទ្ធសាស្រ្ត ដើម្បីឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពី ការធានាឲ្យមានទឹក ការរស់នៅស្អាត និងអនាម័យ ប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូបនៅឆ្នាំ២០៣០។
ក្នុងសុន្ទរកថាបើកលោកស្រី Henrietta H. Fore នាយកប្រតិបត្តិអង្គការ UNICEF និងជាសហប្រធានអង្គប្រជុំ បានកត់សម្គាល់ពីជោគជ័យ នៃប្រទេសកម្ពុជា។
បើតាមរដ្ឋមន្ដ្រីសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញ នូវទស្សនវិស័យ នៃគោលនយោបាយរបស់ខ្លួន តាំងពីឆ្នាំ ២០០០ មកម្ល៉េះដោយបានកំណត់ថា «នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព»។
ដោយមានការប្តេជ្ញាខ្ពស់នោះ រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវផែនការ សកម្មភាពដំណាក់កាលទី១ ស្តីពី ការផ្គត់ផ្គង់ទឹក ការរស់នៅស្អាត និងអនាម័យជនបទឆ្នាំ ២០១៤-២០១៨ ដោយសម្រេចបាន នូវអត្រាគ្របដណ្តប់អនាម័យជន ៧១,២ % និងផ្គត់ផ្គង់ទឹកជនបទ ទទួលបាន៥៨,៧% គិតត្រឹមឆ្នាំ ២០១៧។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ដឹកនាំការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ ២០១៩ -២០២៣ របស់ខ្លួន ដោយបានកំណត់យកគោលដៅ ៩០% នៃការផ្គត់ផ្គង់ទឹក និង អនាម័យជនបទ។ ជាមោទនភាពធំណាស់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានអង្គប្រជុំកត់សកម្គាល់ថា ជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេស (on track) ដែលនឹងអាចសម្រេចបានដោយជោគជ័យជាស្ថាពរនូវគោលដៅនេះ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាទ្វេភាគគី ជាមួយលោកស្រី Ms. Sue Coates ដែលជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាសហការការងារទឹកស្អាត ការរស់នៅស្អាត និងអនាម័យ (WSSCC) ដែលជាស្ថាប័នផ្តល់ជំនួយសំខាន់មួយ សម្រាប់ប្រទេសកម្ពុជាផងដែរ ដើម្បីពង្រឹងនូវកិច្ចសហការ និងរៀបចំនូវយុទ្ធសាស្រ្តរួមគ្នា នាពេលអនាគត៕