(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ល្បីឈ្មោះមួយនៅកម្ពុជា ទទួលបានប្រាក់ចំណេញជាង៨៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ហើយរំពឹងថា ប្រាក់ចំណេញនឹងកើនដល់ជាង១០០លានដុល្លារ នៅឆ្នាំ២០១៩នេះ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបញ្ជាក់ថា «ឆ្នាំ២០១៩នេះ ផែនការយើងគ្រោងទុក ប្រាក់ចំណេញរបស់យើងមានជាង១០០លានដុល្លាសហរដ្ឋអាមេរិក យើងនឹងសម្រេចបានដោយមិនមានបញ្ហាអីទេ។ ឆ្នាំ២០១៨ ប្រាក់ចំណេញរបស់យើងមានប្រមាណជាង ៨៤លានដុល្លាសហរដ្ឋអាមេរិក»។
លោកបណ្ឌិតបញ្ជាក់ថា នៅដើមឆ្នាំ២០១៩នេះ សន្ទុះនៃការរីកចម្រើនរបស់អេស៊ីលីដា មានការរីកចម្រើនខ្លាំងបើធៀបនឹងឆ្នាំមុនៗ ដោយសារការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងឆ្នាំ២០១៨ មានកំណើនខ្ពស់ខ្លាំង រហូតដល់៧.៥ភាគរយ ហើយសម្រាប់ឆ្នាំ២០១៩នេះ អាចមានកំណើនជាង៧ភាគរយទៀត។
ចំពោះបញ្ហាខ្វះខាតការផ្គត់ផ្គង់អគ្គិសនីនៅរដូវប្រាំងនេះ ត្រូវបានលោកបណ្ឌិត អ៉ិន ចាន់នី បញ្ជាក់ថា មិនមានប៉ះពាល់ដល់ប្រតិបត្តិការរបស់អេស៊ីលីដានោះទេ ដោយសារតែគ្រប់សាខាទាំងអស់ មានបំពាក់ម៉ាស៊ីនភ្លើងសម្រាប់គាំទ្រប្រតិបត្តិការ គឺមិនមានការអាក់ខានអ្វីនោះឡើយ៕