(ភ្នំពេញ)៖ តុលាការកំពូលនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានលើកយកសំណុំរឿងមេចោរប្លន់ប្រដាប់អាវុធដែលសកម្មបំផុតនៅខេត្តព្រៃវែង និងស្វាយរៀង ព្រមទាំងបក្ខពួកសរុប៥នាក់ មកជំនុំជម្រះ។
ជាមួយនឹងការលើកយកសំណុំរឿង មេចោរប្លន់កក្រើកខេត្តព្រៃវែង និងស្វាយរៀងនេះមកបើកការកាត់ទោសនោះ ជនរងគ្រោះ និងប្រជាពលរដ្ឋរស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ពិសេសប្រជាពលរដ្ឋនៅឃុំជាដែក ស្រុកកំពុងត្របែក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ តាមរយៈ Fresh News បានស្នើដល់តុលាការកំពូល សូមផ្តន្ទាទោសក្រុមចោរប្លន់ ប្រដាប់អាវុធទាំងអស់នោះ ឲ្យធ្ងន់ធ្ងរបំផុត កុំឲ្យមានការលើកលែងទោសឲ្យពួកគេឲ្យសោះ ព្រោះតែបន្ទាប់ពីក្រុមចោរទាំងនោះ ត្រូវបានចាប់ខ្លួន ប្រជាពលរដ្ឋមានសេចក្តីសុខសប្បាយណាស់នៅ ក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋមានការព្រួយបារម្ភថា បើសវនាការលើសំណុំរឿងមេចោរប្លន់ប្រដាប់អាវុធ និងបក្ខពួក ត្រូវបានលើកលែងការចោទប្រកាន់ នោះអសន្តិសុខនឹងកើតឡើងដល់ភូមិ-ឃុំ ជាក់ជាមិនខានឡើយ ដែលកន្លងមក បន្ទាប់ពីក្រុមចោរប្លន់ទាំងនោះ ត្រូវបានចាប់ខ្លួន ក្នុងភូមិស្រុកបានសុខសន្តិភាព ដូច្នេះសូមតុលាការផ្តន្ទាទោសក្រុមចោរប្លន់ឲ្យបានធ្ងន់ធ្ងរ ដើម្បីឲ្យមានការរាងចាល កុំឲ្យរួចផុតពីការចោទឲ្យសោះ។
សូមម្រាបថា ជនជាប់ចោទជាមុខសញ្ញាមេចោរប្លន់ប្រដាប់អាវុធ ប្រចាំខេត្តព្រៃវែង ដែលធ្លាប់ដឹកនាំកូនចៅប្លន់រហូតទៅដល់៣៧លើក កាលពីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់៦០លានរៀលទៅជនរងគ្រោះទៀតផង។
ជនជាប់ចោទទី១-ឈ្មោះ នៅ ស័រ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី២-ឈ្មោះ ថោង យា អាយុ៥១ឆ្នាំ ត្រូវជាបងប្អូនថ្លៃឈ្មោះ នៅស័រ នៅភូមិជាមួយគ្នា អ្នកទាំង២កំពុងជាប់ឃុំនៅខេត្តស្វាយរៀង ទី៣-ឈ្មោះ នុត ថង ហៅតុក អាយុ៣៨ឆ្នាំ នៅភូមិចំណងទា ឃុំជាមួយ ទី៤-ឈ្មោះ ងិន ថា អាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំជាងដែក ស្រុកជាមួយ និង៥-ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង អាយុ៦១ឆ្នាំ ជាមេក្លោង ក្នុងអំពើប្លន់យ៉ាងសកម្មទាំង៣៧លើក ដែលមានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅព្រៃវែង។
ជនជាប់ចោទទាំងនេះ ត្រូវតុលាការសម្រេចឲ្យដាក់ពន្ធនាគារក្នុងម្នាក់ៗ៨ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ទៅឈ្មោះ សំ ណាគ្រី ដែលជាជនរងគ្រោះចំនួន៦០លានរៀល។ ដោយលើកលែងទោសឲ្យជនជាប់ចោទចំនួន២នាក់ទី១-ឈ្មោះ ឃុត ហុន មានទីលំនៅភូមិបេងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាប់ចោទពីបទទទួលផលចោរកម្ម ទី២-ឈ្មោះ ម៉ឹង សុខា ភេទ(ហៅសារូ) មានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ដែលបានប្រព្រឹត្តក្នុងអំពើលួច។
ក្នុងនោះតុលាការខេត្ត បានបង្គាប់ឲ្យចាប់ឈ្មោះ នុត ថង និងឈ្មោះ ងិន ថា ដែលកំពុងរត់គេចខ្លួនឲ្យមកទទួលទោស តាមច្បាប់ និងទុករយៈពេល១ខែ សម្រាប់ប្ដឹងទាស់ទៅឧទ្ធរណ៍បើភាគីណា មិនសុខចិត្ត។ អ្នកស្រី សំ ណាគ្រី មានទីលំនៅជាប់របងផ្ទះជនជាប់ចោទឈ្មោះ ម៉ឹង សារី (ហៅគ្រូម៉េង) បានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានជនជាប់ចោទខាងលើ ប្លន់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១ នៅម៉ោង៧យប់ ដោយបាត់បង់ទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ។
ដោយឡែកសាលាឧទ្ធរណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានចេញសាលដីកា សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌលេខ ០៨ (ង) ក្រV ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តព្រៃវែង ទុកជាបានការ។
ប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា ក្រោយពេលជនជាប់ចោទជាមេក្លោងប្លន់៣៧លើក និងបក្ខពួកត្រូវចាប់ខ្លួន និងខ្លះកំពុងរត់គេចមកនោះ គឺភូមិរបស់គាត់មិនសូវកើតបទល្មើលប្លន់ឡើយ ហេតុនេះពលរដ្ឋសូមឲ្យតុលាការដាក់ទោសមេក្លោងចោរប្លន់ និងបក្ខពួកឲ្យជាប់ពន្ធនាគារយូរ គឺដើម្បីភូមិ-ឃុំមានសុវត្ថិភាព៕