(ព្រះវិហារ)៖ កូនឈើហូបផ្លែ និងកូនឈើប្រណិតជាង១ម៉ឺនដើម ត្រូវបាននាំយកទៅចែកជូនដល់អង្គភាពកងទ័ព និងគ្រួសារកងទ័ព ដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសដែលប្រតិភូសាលាខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយចែកជូនកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ធនធានធម្មជាតិពិតជាមានសារសំខាន់ណាស់ សម្រាប់ការទ្រទ្រង់ជីវិតមនុស្ស និងសត្វ ដែលករណីនេះយើងទាំងអស់គ្នា ត្រូវមានតួនាទីថែរក្សាការពារធនធានធម្មជាតិឲ្យនៅគង់វង្ស និងចូលរួមដាំដើមឈើឡើងវិញ ទាំងនៅក្មុងព្រៃ និងនៅតាមគេហដ្ឋានផងដែរ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការកោតសរសើរដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដែលបាននាំយកមកនូវកូនឈើគ្រប់ប្រភេទជាច្រើនដើម យកមកចែកជូនដល់ អង្គភាពកងទ័ព និងគ្រួសារកងទ័ពនៅពេលនេះ។ ជាមួយគ្នានោះ លោកបានណែនាំឲ្យគ្រួសារកងទ័ពយើង ត្រូវដាំដើមឈើហូបផ្លែគ្រប់ប្រភេទជុំវិញផ្ទះ ដែលសម្តេចតេជោ ហ៊ុន សែន បានចែកឲ្យមិនត្រូវទុកដីនៅទំនេរនោះទេ។
បើតាមការឲ្យដឹងពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ កូនឈើដែលយកមកចែកជូនកងទ័ព និងគ្រួសារកងទ័ពនៅពេលនេះមានចំនួន១០១០០ដើម មានដើម ទាបបារាំង ខ្នុរណាំង រមៀត អំពិលផ្អែម និងដើមគរគី ក្នុងនោះបានចែកជូនដល់ទីបញ្ជាការវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្តចំនួនសរុប២០០០ដើម និងកងពលធំអន្តរាគមន៍លេខ៣ចំនួន៨១០០ដើមផងដែរ៕