(កោះកុង)៖ លោក ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមនឹងមន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាល និងពាំនាំនូវអំណោយចែក ជូនកងកម្លាំងនគរបាលវរសេនាតូចលេខ៨២៧ និងវរសេនាតូចលេខ២៦៩ ដែលកំពង់ឈរជើងការពារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តកោះកុង។
លោក ឆេង សារឿន បានថ្លែងថា កងកម្លាំងនគរបាល ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ទាំងផ្លូវទឹក និងផ្លូវគោក មានភាពអង់អាចក្លាហានរឹងមាំហ៊ានលះបង់អាយុជីវិត ដើម្បីការពារទឹកដីក្នុងនាមជាកូនចៅខ្មែរ។ ដូច្នេះកម្លាំងប្រដាប់អាវុធយើងទាំងមូល មានភារកិច្ចចម្បង គឺការពារ និងធានាសុវត្ថិភាព ស្ថិរភាពនយោបាយរបស់ជាតិមាតុភូមិ ដែលជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍប្រទេស។
លើសពីនេះទៀត កម្លាំងប្រដាប់អាវុធមានតួនាទីរួមសុខរួមទុក្ខជាប្រជាពលរដ្ឋ និងជួយទំនុងបម្រុងប្រជាពលរដ្ឋ នៅពេលពួកគាត់ជួបបញ្ហាណាមួយ ដែលកើតឡើងដូចជាគ្រោះរាំងស្ងួត គ្រោះធម្មជាតិ។ល។
លោកក៏សូមឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ព្រោះសុខភាពសំខានណាស់ ហើយកងកម្លាំងទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ស្រលាញ់គ្នាចេះជួយធុរៈគ្នា ចេះសហការគ្នា រក្សាភាពផ្ទៃក្នុងរបស់អង្គភាពឲ្យបានរឹងមាំ។ ចំពោះមន្ត្រីរាជការស៊ីវិលនៅផ្នែកសមរភូមិក្រោយ ក៏មានចិត្តស្រលាញ់រាប់អាននឹករលឹក ហើយតែងជួយរួមសាមគ្គីផ្តល់អំណោយជូនកងកម្លាំងប្រដាប់អាវុធជានិច្ច ដោយមិនបោះបង់ឡើយ។
សូមបញ្ជាក់ដែរថា គ្រឿងបរិភោគ-ឧបភោគ ត្រូវផ្តល់ជូនកងកម្លាំងនគរបាល ដែលឈរជើងការពារខ្សែបណ្តោយព្រំដែនកម្ពុជា-ថៃ មានអង្ករ ២០តោន មីម៉ាម៉ា ៥០កេសធំ ត្រីខ ៨០កេសធំ ទឹកសុទ្ធ ២០០យួរ ទឹកត្រី និងទឹកស៊ីអ៉ីវ ២០០យួរ នំបុ័ង ៣០០ដើម ម៉ាស៊ីកំព្យួទ័រ ១គ្រឿង ម៉ាស៊ីនព្រីនធ័រ ១គ្រឿង Kit ២៥០យួរ (សារុង១កន្សែងពោះគោ១ និងប្រេងកូឡា១ដប់) ថវិកា ៤៦,០០០,០០០រៀល (សែសិបប្រាំមួយលានរៀលគត់)៕