(មណ្ឌលគិរី)៖ ដោយសារតែខឹងស្រីស្នេហ៍ មន្រ្តីយោធាពាក់ស័ក្តិ២ម្នាក់ នៃកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិម្នាក់ ត្រូវនគរបាលក្រុងសែនមនោរម្យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់កណ្តាល ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅចំណុចផ្សារ លឹម ប៉េងឃុន ជាប់ហាងខារ៉ាអូខេ «បុប្ផាឥសាន» ភូមិចំការតែ សង្កាត់ស្ពានមានជ័យ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ។
ក្រោយការឃាត់ខ្លួនភ្លាម មន្រ្តីយោធាឈ្មោះ សែម ភីរ៉ូ ត្រូវបានបញ្ជូនបន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីយោធាដែលត្រូវឃាត់ខ្លួនជាកម្លាំងកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិម្នាក់ ដោយគាត់បានផឹកស៊ីជាមួយគូរកនពេញ មួយយប់ រហូតព្រលឹមពេលកើតហេតុ។ មុនពេលកើតហេតុ មន្រ្តីយោធារូបនេះ បម្រុងបើករថយន្តចេញពីកន្លែងផឹកស៊ី ប៉ុន្តែមាននារីម្នាក់ឃាត់ និងបានដកសោរថយន្តទុក មិនឲ្យធ្វើដំណើរ ព្រោះឃើញគាត់ស្រវឹងខ្លាំងខ្លាចមានគ្រោះថ្នាក់ ចរាចរណ៍។
គ្រាន់តែមិនបានចេញក្រៅដូចបំណងមន្រ្តីយោធារូបនេះ មានក្តៅចិត្តទាំងព្រឹក ក៏ទាញបានកាំភ្លើងខ្លីម៉ាក ឡុក បាញ់អស់៧ទៅ៨គ្រាប់ ផ្អើលអស់អ្នករស់នៅក្បែរនោះ។ អ្នកនៅក្បែរកន្លែងកើតហេតុ បានឮមន្រ្តីយោធារូបនេះស្រែកថា «មានអីគួរឲ្យអស្ចារ្យខេត្តនេះ»។
សម្រាប់ករណីនេះលោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួន បានប្រាប់ថា អ្នកបាញ់បោះសេរី ត្រូវបានប្រគល់ឲ្យខាងកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តហើយ។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា មន្រ្តីយោធារូបនេះ ខាងជំនាញ អ.ហ របស់លោក កំពុងធ្វើការសាកសួរហើយ។
បើតាមការបញ្ជាក់មេបញ្ជាការរូបនេះ មន្រ្តីយោធាពាក់ស័ក្តិ២ អាចមានមេអង្គភាពខ្លួនមកធានាខ្លួនដើម្បីយកទៅធ្វើការអប់រំ។
សម្រាប់អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង វិញក៏បានបញ្ជាឲ្យលោក ហែម បូណារ៉ែល ចាត់វិធានឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីមន្រ្តីយោធាបាញ់បោះសេរី ដែលជាការបង្កអសន្តិសុខ និងបង្ករការភ័យខ្លាចដល់ប្រជាជនក្នុងមូលដ្ឋានបែបនេះ៕