(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង បានប្រាប់កងកម្លាំងទាំងអស់ត្រូវការពារ សន្តិភាព និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ដែលបានខិតខំកសាងអភិវឌ្ឍតាំងពីបាតដៃទទេ រហូតរីកចម្រើនលើគ្រប់វិស័យ ឲ្យបានជាដាច់ខាតកុំឲ្យជនណាមកបំផ្លាញឲ្យសោះ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងបែបនេះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ និងឆ្លងសមិទ្ធិផលនានាក្នុងវត្តសាង្សុម៉ី (ហៅវត្តទួលស្តី) ស្ថិតក្នុងភូមិទួលស្តីឃុំទួលស្តីស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ១,០០០នាក់ផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍រដ្ឋលេខាធិការក្រសួងការពារជាតិ បានអំពាវនាវត្រូវរួមគ្នាថែរក្សាតម្លៃសន្តិភាពនេះ ឱ្យរស់ស្ថិតស្ថេរគង់វង្ស ដោយមិនឱ្យមានអ្នកណាមួយ មកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះរកមកដោយលំបាកបំផុត ដែលជាការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗសព្វថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំមិនចង់បានអ្វី ក្រៅពីឃើញពលរដ្ឋរស់នៅមានជីវភាពសមរម្យ ប្រទេសជាតិមាន សុខសន្តិភាព វឌ្ឍនភាពនោះឡើយ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍រំលេចថា «សព្វថ្ងៃនេះប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើន និងជឿនលឿន ហើយខេត្តស្វាយរៀង និងមានផ្លូវល្បឿនលឿន និងបង្ហាញរូបរាងនាពេលឆាប់ៗខាងមុខនេះដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេរឲ្យមានការរីកចំរើនលើគ្រប់វិស័យ»។
ចំពោះតម្លៃមិនអាចកាត់ថ្លៃបាននូវសន្តិភាពនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់មនុស្សស្លូតត្រង់ ជាង៣លាននាក់ ហើយបានរំដោះប្រទេស ដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រទេសកម្ពុជា មានវត្តអារាមប្រមាណជាង៤,០០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា។
លោកក៏បានជម្រុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យទទួលបានជោគជ័យ ដោយនៅក្នុងមូលដ្ឋានមិនត្រូវឱ្យមានបងតូច បងធំ ចោលួចចោប្លន់ គ្រឿងញៀន ជួញដូរមនុស្សខុសច្បាប់ជាដាច់ខាត។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានចែកអំណោយជូនដល់យាយជី តាជី និងប្រគេនបច្ច័យដល់វត្តនូវថវិកាចំនួន៥លានរៀលផងដែរ៕