(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្ដល់ជូនកងកម្លាំងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ការចុះសំណេះសំណាលនេះ ធ្វើឡើងនៅទីបញ្ជាការវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្ត និងទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក អ៊ុន ចាន់ដា បានថ្លែងថា តាមរយៈស្នាដៃទាំងនេះទទួលបានការកោតសរសើរ និងឱ្យតម្លៃពីប្រជាពលរដ្ឋ ជាពិសេសប្រមុខរាជរដ្ឋាភិបាលចំពោះកងកម្លាំងប្រដាប់អាវុធ ហើយគ្រប់រដូវកាលតែងតែទទួលបានការលើកទឹកចិត្តគិតគូរ និងឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដើម្បីសម្រួលដល់ការឈរជើងរបស់កងទ័ព។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់ឱ្យបានរាល់បទល្មើសផ្សេងៗ ធ្វើយ៉ាងណាពង្រឹងការដឹកនាំនូវការប្រឡងប្រណាំងភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាគោលនយោបាយទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញ ជាពិសេសរួមគ្នាប្រែក្លាយសហគមន៍ ដែលមានតែយុវជនប្រើប្រាស់គ្រឿងញៀន ទៅជាសហគមន៍ដែលគ្មានការប្រើប្រាស់គ្រឿងញៀន និងត្រូវមានការប្រុងប្រយ័ត្ន ហើយចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តក៏បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តជាថវិកាចំនួន១លានរៀលក្នុងមួយករណី ចំពោះកងកម្លាំងរូបណាដែលធ្វើការបង្ក្រាបបានការជួញដូរ ការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀនខុសច្បាប់ទៀតផង។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះវិហារ និងមន្ត្រីរាជការក៏បានដឹកនាំកងទ័ពដាំកូនឈើហូបផ្លែ និងកូនឈើប្រណិតប្រមាណ១ម៉ឺនដើមផងដែរ៕