(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដាភីអិលស៊ី បានរៀបចំពិធីសូត្រមន្ត ប្រោសព្រំលើករាសី និងរៀបចំពិធីជប់លៀង អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជូនបុគ្គលិក និងអតិថិជន របស់ខ្លួន។
ពិធីនេះ ធ្វើឡើង នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅគ្រប់សាខាទាំងរបស់ធនាគារ អេស៊ីលីដា ក្នុងគោលបំណងដើម្បីជួបជុំគ្នាសប្បាយរីករាយ រឹតចំណងសាមគ្គីភាព ក្នុងទំនាក់ទំនងការងារ និងជាការលើកទឹកចិត្តដល់គ្រប់កម្មករនិយោជិត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយជោគជ័យ និងរីកចម្រើនជាបន្តបន្ទាប់។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ពិធីនេះ ធ្វើឡើងដើម្បីរួមរក្សា វប្បធម៌ ប្រពៃណីជាតិខ្មែរ ដ៏ផូរផង់ ឱ្យឋិតឋេរគង់វង្ស ជានិច្ច និរន្តរ៍ និងជាឱកាសមួយ សម្រាប់ឱ្យកម្មករ និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ គ្រប់តួនាទី បានជួបជុំគ្នារីករាយអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពីបានខិតខំ បំពេញការងារអស់កម្លាំងកាយចិត្ត និងបញ្ញា អស់រយៈពេលពេញមួយឆ្នាំកន្លងមក ដើម្បីទទួលបាន នូវ សិរីមង្គលសេចក្តីសុខចម្រើន ថាមពលថ្មីទាំងអស់គ្នា ពីទេវតាឆ្នាំថ្មី ។
លោកបណ្ឌិតបន្តថា កម្មវិធីនេះក៏ដើម្បីថ្លែងអំណរគុណចំពោះអតិថិជន សាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រយ៉ាងពេញទំហឹង ដល់ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។លោកបន្ថែមថា មនុស្សទូទៅតែងតែនឿយហត់ក្នុងការងារចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ។ ជោគជ័យ និងវិបត្តិទុក្ខទោសនានារមែង កើត ឡើងលាយឡំ ក្នុងដំណើរជីវិតការងារបន្តបន្ទាប់។ដូច្នេះដើម្បីធ្វើឲ្យជីវិតមនុស្សមានសិរីមង្គល បុរាណបណ្ឌិតខ្មែរ បានបង្កើតបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងន័យផ្តល់នូវមនោសញ្ចេតនា ជា កុសល ឲ្យទទួលបាននូវសេចក្តីសប្បាយរីករាយបំភ្លេចអស់ទុក្ខកង្វល់ក្នុងជីវិត។
ប្រទេសកម្ពុជាយើងកាន់ព្រះពុទ្ធសាសនា សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានន័យប្រកបដោយប្រយោជន៍ធំធេងសម្រាប់ ពលរដ្ឋខែ្មរ ដូចជាពិធីកក់ស្រង់ ស្រោចទឹក ខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធីកក់ស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំធនាគារអេស៊ីលីដា ភីអិលស៊ី តែងតែរៀបចំកម្មវិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយមានការចូលរួមពីសំណាក់កម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី និងក្រុមគ្រួសារក្នុងគោលបំណង ដើម្បីជួបជុំគ្នាសប្បាយរីករាយ រឹតចំណងសាមគ្គីភាពក្នុងទំនាក់ទំនងការងារ និងជាការលើកទឹកចិត្តដល់គ្រប់កម្មករនិយោជិត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយជោគជ័យ និងរីកចម្រើនជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះធនាគារ ក៏បាន អញ្ជើញអតិថិជន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ចូលរួមដើម្បីប្រសិទ្ធពរជ័យឆ្នាំថ្មី ជាមួយសមាជិកមហាគ្រួសារអេស៊ីលីដា នៅតាមបណ្ដាការិយាល័យសាខានីមួយៗ ដោយមានកម្មវិធីកំសាន្តសប្បាយ ការរាំកំសាន្តចង្វាក់ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរ ដូចជា លាក់កន្សែង ចោលឈូង ទាញព្រ័ត្រ និងបោះអង្គញ់ជាដើម៕