(បាត់ដំបង)៖ លោក ឡោក ហ៊ួរ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកសង្កែ បានប្រគល់ប្រឡាយទឹកមួយខ្សែ មានប្រវែង៦,១៥០ម៉ែត្រ ជូនពលរដ្ឋចំនួន៤ភូមិនៅស្រុកសង្កែ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន និងបានសន្យាជួយកសាងប្រឡាយទឹកមួយខ្សែទៀតផងដែរ។
លោក ឡោក ហ៊ួរ បានជម្រាបសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនាពេលនេះថា តាមទម្លាប់ប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់លើដល់មូលដ្ឋាន តែងបានចុះមកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដោយគិតពីជីវភាពរស់នៅ សុខមាលភាព និងជួយដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋរហូតមក។
អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនាមតំណាងរាស្រ្តបានផ្តល់ថវិកា ដើម្បីជីកប្រឡាយមួយខ្សែមានប្រវែង ៦,១៥០ម៉ែត្រ សម្រាប់ជូនពលរដ្ឋចំនួន៤ភូមិ មានភូមិសំបុកអក ភូមិថ្មី ភូមិក្បាលថ្នល់ និងភូមិអូសទូក ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានបង្ហូរចូលស្រែចម្ការ និងប្រើប្រាស់ប្រចាំថ្ងៃ។
លោក ឡោក ហ៊ួរ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំជឿ តាមការឃោសនារបស់ពួកអគតិមួយចំនួន ដែលចាំតែភូតភរបោកប្រាស់ប្រជាពលរដ្ឋ ដោយមិនដែលបានកសាងសមិទ្ធផលអ្វី ជូនប្រជាពលរដ្ឋបន្តិចម្តងណាឡើយ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានជួយពលរដ្ឋជាប្រចាំគ្រប់ទីកន្លែង ឈានដល់ការអភិវឌ្ឍរីកចម្រើន ទាំងនៅតាមមូលដ្ឋាន និងនៅទូទាំងប្រទេស។
លោកបានផ្តល់តាមការស្នើសុំរបស់ពលរដ្ឋក្នុងអង្គប្រជុំ ដោយឲ្យក្រុមការងារជីកប្រឡាយទឹកប្រវែង៧០០ម៉ែត្រ មួយខ្សែផ្សេងទៀតផងដែរ៕