(រតនគិរី)៖ ក្នុងឱកាសជួបជាមួយប្រធានក្រុមហ៊ុន China Dalian Intenatoinal Economic &Technical cooperation Group Co,Ltd លោក Wang Hailong នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរី លោក ថង សាវុន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា ខេត្តរតនគិរី ត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើននេះ។
ក្នុងឱកាសនោះ លោក Wang Hailong បានបញ្ជាក់ជូនលោកអភិបាលខេត្ត អំពីបំណងនៃការធ្វើទស្សនកិច្ចសិក្សានៅខេត្តរតនគិរី ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តរតនគិរី ដែលជាខេត្តមានសក្តានុពលច្រើនលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងអចលនទ្រព្យជាដើម។
ក្រុមហ៊ុន CDIG គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានបទពិសោធន៍លើការងារហិរញ្ញវត្ថុ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ អគារ ព្រលានយន្តហោះផ្សារទំនើបជាដើម។
លោក ថង សាវុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនកិច្ចសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ។
ទន្ទឹមគ្នានោះ លោកបានជម្រាបជូនលោកនាយកក្រុមហ៊ុនថា ខេត្តរតនគិរី គឺជាគោលដៅប៉ូលសេដ្ឋកិច្ចទី៤ ដែលរដ្ឋាភិបាលបានកំណត់ជាយុទ្ធសាស្ត្រ ដូចនេះខេត្តត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើននេះ ដូចជា ផ្នែកគមនាគមន៍ផ្លូវអាកាស ទឹកស្អាត ថាមពលវារីអគ្គិសនី វិស័យទេសចរណ៍ កសិឧស្សាហកម្ម និងការកែច្នៃផលិតផលសម្រេចក្នុងស្រុក ដើម្បីនាំចេញជាដើម។
ដូចនេះ ជាឱកាសក្នុងការវិនិយោគនៅខេត្តរតនគិរីរបស់ក្រុមហ៊ុនចិន ដែលកន្លងមកមានការជំរុញលើកទឹកចិត្តវិនិយោគទុន រវាងរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ៕