(កំពង់ចាម)៖ ក្រុមអតីតសិស្សានុសិស្សសាលាមធ្យមសិក្សាកម្រិត១ កោះសូទិនជាច្រើននាក់ជំនាន់ ឆ្នាំ១៩៨៦ និងឆ្នាំ១៩៩០ បានបង្ហាញពីការរឹតចំណងមិត្តភាពជាមួយគ្នាឲ្យកាន់តែរឹងមាំឡើងវិញ តាមរយៈឆាតគ្រុបរបស់បណ្ដាញសង្គម Facebook ហើយបានឈានដល់ការរួមគ្នា ធ្វើពិធីជួបជុំគ្នាលើកទី១ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពីបានបែកគ្នាអស់រយៈពេល៣០ឆ្នាំ ជាមួយគ្នានោះក៏មានរៀបចំពិធីរំលឹកគុណគ្រូ ដើម្បីសម្តែងនូវការដឹងគុណចំពោះលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនកន្លងមកផងដែរ។
ក្រុមអតីតសិស្សានុសិស្សសាលាមធ្យមសិក្សាកម្រិត១កោះសូទិន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ជំនាន់ឆ្នាំ១៩៨៦ និងឆ្នាំ១៩៩០ ប្រមាណ១០០នាក់ បានជួបជុំគ្នាឡើងវិញ តាមរយៈឆាតគ្រុបរបស់បណ្តាញសង្គមហ្វេកប៊ុក ដែលមានឈ្មោះ «អតីតមិនត្តរួមជំនាន់សាលាមធ្យមសិក្សាកម្រិត១កោះសូទិន» និងបានសម្តែងនូវការរំភើបត្រេកអរ និងបង្ហាញពីការនឹករលឹកគ្នាទៅវិញទៅមក បន្ទាប់ពីបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។
អតីតសិស្សសាលាមធ្យមសិក្សារកម្រិត១កោះសូទិនទាំងអស់ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺបានផ្តល់ឱកាសបានជួបជុំគ្នាឡើងវិញសម្ដែងនូវការនឹករលឹកគ្នា និងបានធ្វើពិធីតបស្នងសងគុណចំពោះគុណូបការៈលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនមិត្តគ្រប់ជំនាន់ឲ្យក្លាយជាពលរដ្ឋល្អជាឪពុកម្តាយល្អ ពិសេសមានចំណេះដឹងជាមូលដ្ឋានគ្រឹះ ឈោងទៅចាប់យកជំនាញវិជ្ជាជីវៈ ដើម្បីមានចំណេះដឹងគ្រប់គ្រាន់ធ្វើការងារបម្រើជាតិមាតុភូមិ។
គួរបញ្ជាក់ថា រយៈពេល៣០ឆ្នាំហើយ ដែលលោកគ្រូអ្នកគ្រូធ្លាប់បានបង្រៀន ហើយពួកយើងក៏បានបែកពីលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិរួមជំនាន់ផងដែរ ដើម្បីទៅបំពេញការងាររៀងៗខ្លួន ដូច្នេះក្រុមអតីតសិស្សានុសិស្សទំាងអស់នេះ មិនអាចបំភ្លេចការនឹករលឹកគ្នា និងគុណបំណាច់របស់លោកគ្រូអ្នកគ្រូបានឡើយ។
ការជួបជុំគ្នានៅក្នុងឱកាសនេះ ពិតជាបានបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយនៃការនឹករលឹកគ្នារបស់ក្រុមអតីតសិស្សទំាងអស់ ហើយក៍ជាសកម្មភាពដ៏គំរូមួយសម្រាប់សិស្សានុសិស្សជំនាន់ក្រោយ ៗទៀតឲ្យចេះស្រលាញ់គ្នារាប់អានគ្នា និងការដឹងគុណចំពោះលោកគ្រូអ្នកគ្រូ ដែលខិតខំបណ្តុះបណ្តាលនាពេលកន្លងមក។
សូមបញ្ជាក់ថានេះ គឺលើកទី១ហើយ ដែលក្រុមអតីតសិស្សសាលាមធ្យមសិក្សាកម្រិត១កោះសូទិន ជំនាន់ឆ្នាំ១៩៨៦ និងឆ្នាំ១៩៩០ បានរៀបចំកម្មវិធីជួបជុំគ្នារួមទំាងបានធ្វើពិធីរំលឹកគុណគ្រូ និងបានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ និងលោកគ្រូអ្នគ្រូដែលកំពុងបង្រៀនសព្វថ្ងៃនេះ ហើយសង្ឃឹមថាពួកយើង និងធ្វើពិធីនេះជារៀងរាល់ឆ្នាំ៕