(ភ្នំពេញ)៖ លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានថ្លែងពីការជំរុញ និងលើកកម្ពស់ស្ត្រី ក្នុងសកម្មភាព ចូលរួមអ្នកដឹកនាំក្នុងវិស័យច្បាប់ និងសកម្មភាពសង្គមផ្សេងទៀត ឲ្យបានកាន់តែប្រសើរឡើង ស្របតាមការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងជំរុញលើកទឹកចិត្តរបស់ ប្រធានគណៈមេធាវីកម្ពុជាដូច្នេះ ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីអបអរវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៧ នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ភ្នំពេញ ។
លោក សួន វិសាល បានថ្លែងយ៉ាងដូច្នេះថា «យើងចង់ឲ្យស្ត្រីជាដឹកនាំនៅគណៈមេធាវីរបស់យើង។ យើងចង់ឲ្យស្ត្រីចូលរួមក្នុងសកម្មភាពសង្គម ដែលជាផ្នែកមួយដ៏សំខាន់ និងជាពិសេសជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះស្ត្រី ហើយថ្មីៗនេះ ក៏សម្តេចយកចិត្តទុកដាក់លើការផ្តល់ជំនួយផ្នែកច្បាប់ ដល់ស្ត្រីទូទាំងប្រទេសផងដែរ។ ទន្ទឹមនឹងនេះ នៅពេលដែលយើងមានស្ត្រីច្រើន គឺយើងអាចជួយបំពេញការងារផ្នែកច្បាប់ បានកាន់តែល្អប្រសើរផងដែរ»។
លោកស្រី សាយ ស្រីច័ន្ទ ប្រធានកម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៧ ដែលជាស្ត្រីដំបូងគេ ជាប្រធានវគ្គបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល, ប្រធានគណៈមេធាវី និងនាយកសាលាវិជ្ជាជីវៈបណ្តុះបណ្តាលមេធាវី ដែលបានជំរុញលើកកំពស់ ដល់ស្ត្រីក្លាយជាអ្នកដឹកនាំ ដើម្បីជួយឲ្យស្ត្រីជាមេធាវីមានឈ្មោះបោះសំឡេង ក្នុងវិស័យច្បាប់។
លោកស្រីបញ្ជាក់ថា វគ្គសុក្រឹតការវិជ្ជាជីវៈមេធាវីនេះ ជាវគ្គបំប៉នបន្ថែមលើជំនាញរបស់មេធាវី ដែលមានអាជីពជាមេធារីរួចស្រាប់ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលមានសាស្ត្រាចារ្យល្បីៗ ដើម្បីពង្រឹងសមត្ថភាពមេធាវី ដែលជាវិស័យសំខាន់មួយ ក្នុងការជួយ អភិវឌ្ឍន៍ប្រទេសជាតិ។
លោកស្រី សាយ ស្រីច័ន្ទ បានថ្លែងថា «ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងឲ្យតម្លៃចំពោះស្ត្រីយ៉ាងខ្លាំងលើគ្រប់វិស័យទាំងអស់។ ក្នុងក្រសួងស្ថាប័ននិមួយៗ រាជរដ្ឋាភិបាលតែងតែរកវិធីធ្វើយ៉ាងណាឲ្យស្ត្រីមានមុខមាត់ក្នុងសង្គម កាលណាស្ត្រីមានភាពរីកចម្រើនសង្គមយើងក៏រីកចម្រើនដែរ»។
លោកស្រីបន្តថា «នៅពេលបញ្ចប់វគ្គនេះ ពួកខ្ញុំបានតាំងចិត្តថា ត្រូវធ្វើយ៉ាងណាជួយស្វះស្វែងរកយុត្តិធម៌ ដល់កូនក្តីជាក់លាក់ ជួយសម្រួលដល់ការងាររបស់ស្ថាប័នតុលាការ ជួយសម្រួលដល់សង្គមជាតិ ព្រោះថាមេធាវីជាវិស័យមួយដែលគ្រប់ស្ថាប័នទាំងអស់មិនអាចខ្វះបាន ជាពិសេសជួយជនក្រីក្រ»។
បើតាមលោកស្រី សាយ ស្រីច័ន្ទ នៅពេលបច្ចុប្បន្ននេះកម្ពុជា មានមេធាវីប្រមាណជាង១ពាន់នាក់ ក្នុងមានស្ត្រីប្រហែល៣០០នាក់ ស្មើនឹង៣០ភាគរយ ។ ចំនួនមេធាវីនៅខ្វះខាតនៅឡើយ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី៧ មានកម្មសិក្សាការីចំនួន៨៩នាក់ ក្នុងនោះមានស្ត្រី២៨រូប ដោយពួកគាត់សុទ្ធតែប្តេជ្ញាចិត្តក្នុងការគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈមេធាវី ដើម្បីចូលរួមជួយដល់សង្គមជាតិ។