(ភ្នំពេញ)៖ សកម្មភាពមនុស្សធម៌របស់ក្រុមរាជសីហ៍ បានផ្ដល់នូវការស្រឡាញ់ និងការយកចិត្តទុកដាក់ ចំពោះកុមារកំព្រានៅអង្គការពន្លឺអនាគត តាមរយៈការឧបត្ថម្ភសម្ភារ សិក្សាគ្រឿងឧបភោគ បរិភោគនិងផ្តល់កង់ជូនដល់ក្មួយៗកុមារកំព្រា និងក្រីក្រនៃអង្គការពន្លឺអនាគត ដែលស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សកម្មភាពនេះមានការចូលរួមពីសំណាក់លោក ស៊ូម សារឿន ប្រធានក្រុមការងារក្រុមរាជសី និងមានការចូលរួមពីសំណាក់សប្បុរសជន អាជ្ញាធរ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃអង្គការពន្លឺអនាគត និងក្រុមការងារក្រុមរាជសីហ៍ជាច្រើននាក់ផងដែរ។
លោក ស៊ូម សារឿន បានលើកឡើងថា លោកពិតជារីករាយណាស់ ដែលបានចូលរួមចំណែកការងារមនុស្សធម៌ និងសង្គមជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក និងក្មួយៗ កុមារកំព្រា។ ក្នុងនាមប្រធានក្រុមការងារ លោកសូមកោតសរសើរដោយស្មោះ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលមានទឹកចិត្តមេត្តាស្រឡាញ់ និងអប់រំថែទាំក្មួយៗដោយផ្ទាល់ ដោយយកអស់កម្លាំងកាយចិត្ត និងពេលវេលា។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា បេសកកម្មមនុស្សធម៌ បានធ្វើឡើងដោយពុំមានភាពរើសអើង ហើយបានបង្កើតឱកាសឲ្យកុមារ ទទួលបានការសិក្សាដែលជាយានឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលនេះ គឺជាការរួមចំណែកជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងសង្គមជាតិយើង ក្នុងការកាត់បន្ថយភាពក្រីក្រ អនក្ខរជននិងបន្តអនុវត្តដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ ទៅលើការផ្តល់ឱកាសស្មើៗគ្នាជូនកុលបុត្រ កុលធីតាខ្មែរទាំងអស់ឲ្យទទួលបានការអប់រំថ្នាក់មូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ឬឋាន:នៅក្នុងសង្គមឡើយ ដែលស្របទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា អង្គការពន្លឺអនាគត គឺជាអង្គការមនុស្សធម៌មួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្កើតនិងរៀបចំមណ្ឌលនេះ ដើម្បីផ្តល់ឱកាស និងការថែទាំដល់កុមាររងគ្រោះ៣ ប្រភេទរួមមានកុមារកំព្រាឪពុកម្តាយកុមារកំព្រាឪពុក ឬម្តាយនិងកុមារដែលគ្មានទីពឹង ហើយដែលត្រូវបានគេបោះបង់ចោល ឲ្យស្ថិតនៅក្រៅប្រព័ន្ធអប់រំខ្វះទីលំនៅស្នាក់នៅ អាហាររូបត្ថម្ភ និងការថែទាំសុខភាពជាដើម។
ការឧបត្ថម្ភនេះរួមមានសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ ផ្តល់កង់ចំនួន១៨គ្រឿងជូនដល់ក្មួយៗកុមារកំព្រា និងក្រីក្រ និងថវិកាមួយចំនួនជូនដល់អង្គការ ព្រមទាំងរៀបចំអាហារ១ពេលសម្រាប់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូបុគ្គលិកនៃអង្គការពន្លឺអនាគត និងក្រុមការងារក្រុមរាជសីហ៍ជាច្រើននាក់ផងដែរ៕