(ភ្នំពេញ)៖ ជាច្រើនសប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងវិស័យការងារ មកធ្វើការបង្ហាញ ជូនសាធារណៈជនបានជ្រាប ដូចជាប្រធានបទស្ដីពី «កិច្ចសន្យាការងារ ការរំលាយកិច្ចសន្យាការងារ វិវាទការងារ យន្តការដោះស្រាយវិវាទការងារ សហជីព ប្រតិភូបុគ្គល ជាដើម» ។
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់យើង សូមលើកយកប្រធានបទថ្មីមួយទៀត ដែលទាក់ទងនឹងវិស័យការងារ មកបង្ហាញជូនសាធារណៈជនផងដែរ គឺ «គ្រោះថ្នាក់ការងារ»។
ដូចម្តេចដែលហៅថា គ្រោះថ្នាក់ការងារ? ប្រសិនបើកម្មករនិយោជិតជួបប្រទះ នូវគ្រោះថ្នាក់ការងារ តើពួកគាត់នឹងទទួលបាននូវសំណងអ្វីខ្លះ ?
គ្រោះថ្នាក់ការងារ សំដៅលើគ្រោះថ្នាក់ទាំងឡាយណា ដែលធ្លាក់មកលើកម្មករនិយោជិតក្នុងពេល ឬអំឡុងពេលបំពេញការងារជូននិយោជក ឬនាយកសហគ្រាស ឬបានកើតឡើងចំពោះសិស្សវិជ្ជាជីវៈ ដែលមានឈ្នួល ឬគ្មានឈ្នួលក្ដី (ឈ្នួល គឺជាតម្លៃតបស្នងពីការជួលកម្លាំងពលកម្ម អាចជាសេវា ឬជាវត្ថុ ឬជាប្រាក់) កាន់មុខងារជាអ្វី ហើយបានកើតឡើងនៅកន្លែងណាក៏ដោយ ទោះបីជាគ្រោះថ្នាក់នោះបានកើតចេញពីកំហុស របស់កម្មករនិយោជិត ឬមិនមែន គឺត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ។ ចំណែកឯ ជំងឺដែលបណ្ដាលមកពីវិជ្ជាជីវៈវិញ ក៏ត្រូវបានរាប់បញ្ជូលជាគ្រោះថ្នាក់ការងារផងដែរ។
គ្រោះថ្នាក់ដែលអាចចាត់ទុកជា គ្រោះថ្នាក់ការងារមានដូចជា៖
១៖ គ្រោះថ្នាក់ដែលកើតឡើង ក្នុងពេលបំពេញការងារ ជាគ្រោះថ្នាក់ដែលកើតចេញពីការប្រើប្រាស់ម៉ាស៊ីន ឬឧបករណ៍ផ្សេងៗ នៅក្នុងកន្លែងធ្វើការ ហើយបណ្ដាលឲ្យរងរបួស ឬពិការអវយវៈផ្នែកណាមួយ នៃរូបរាងកាយ ឬបណ្ដាលឲ្យបាត់បង់ជីវិត។ ឧទាហរណ៍៖ នៅពេលកំពុងបំពេញការងារ នារី «ក» ម្នាក់បានគ្រោះថ្នាក់ដោយម៉ាស៊ីនកាត់សាច់ដាច់ម្រាមដៃមួយ។
២៖ គ្រោះថ្នាក់ដែលកើតឡើង ក្នុងអំឡុងពេលធ្វើដំណើរ ជាគ្រោះថ្នាក់ដែលកើតមានចំពោះកម្មករនិយោជិត នៅពេលដែលធ្វើដំណើរត្រង់ទៅត្រង់មកកន្លែងធ្វើការ និងត្រឡប់ទៅលំនៅដ្ឋានវិញដោយពុំមានវាង ឬឈប់ដើម្បីធ្វើសកម្មភាពណាមួយ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន។ ឧទាហរណ៍៖ នៅល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នារី «ខ» ម្នាក់ បានចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះវិញ រួចក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើងម្ខាង។
៣៖ ជំងឺវិជ្ជាជីវៈ ជាជម្ងឺដែលបណ្ដាលមកពីវិជ្ជាជីវៈទាំងអស់ ដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ ក្នុងអំឡុងពេល ឬក្រោយពេលឈប់បំពេញការងារ ដូចជាការងារដែលប្រើកម្លាំងកាយ ការងារដែលប៉ះដោយជាតិពុល ការងារដែលអនុវត្តក្នុងលក្ខខណ្ឌ ឬតំបន់មិនប្រក្រតីណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព ។ ឧទាហរណ៍៖ លោក «គ» បានបម្រើការងារក្នុងរោងចក្រផលិតជីគីមីមួយកន្លែង អស់រយៈពេលប្រមាណជា៣ឆ្នាំ បន្ទាប់មករូបលោកចេះតែមានជំងឺឈឺជាញឹកញាប់ ដែលជាហេតុធ្វើឲ្យរូបគាត់ពិបាក ក្នុងការធ្វើការ ទើបលោក «គ» បានសម្រេចចិត្តទៅពិគ្រោះជំងឺជាមួយនឹងគ្រូពេទ្រជំនាញ បានរកឃើញថា គាត់មានជំងឺដោយសារសារធាតុគីមី នៅកន្លែងដែលគាត់កំពុងធ្វើការ ។ (យោងតាម៖ ច្បាប់ស្ដីពី ការងារ ឆ្នាំ១៩៩៧ មាត្រា២៤៨)
ចំពោះអ្នករងគ្រោះដោយគ្រោះថ្នាក់ការងារ ត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជក ឬអ្នកតំណាងរបស់និយោជក អំពីគ្រោះថ្នាក់ដែលធ្លាក់មកលើខ្លួន លើកលែងតែករណីប្រធានស័ក្ដិ តែបើក្នុងករណីមានគ្រោះថ្នាក់ បណ្ដាលឲ្យបាត់បង់ជីវិត កាតព្វកិច្ចនេះត្រូវធ្លាក់ទៅលើសិទ្ធិវន្ត។ ហើយនិយោជកត្រូវមានកាតព្វ ក្នុងការជូនដំណឹងអំពីឧបទ្ទវហេតុនោះ ទៅបេឡាជាតិរបបសន្ដិសុខសង្គម ក្នុងរយៈពេលយ៉ាងយូរបំផុត ៤៨ (សែសិបប្រាំបី) ម៉ោងនៃថ្ងៃធ្វើការ។ ហើយសម្រាប់កម្មករនិយោជិតទាំងឡាយណា ដែលបានចូលបម្រើការងារដោយស្របច្បាប់ ហើយបានចុះបញ្ជិកាចូលជាសមាជិក ប.ស.ស មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖
* កម្មករនិយោជិតទាំងអស់នៃសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជិកាក្នុងបេឡាជាតិ របបសន្ដិសុខសង្គម មានសិទ្ធិទទួលបានតាវកាលិកហានិភ័យការងារ។
* ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ។
* ការផ្ដល់ធនលាភ ឬប្រាក់វិភាជន៍ សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ។
* ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសព និងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ។
(យោងតាម ប្រកាសលេខៈ១០៩ កប/ប្រ.ក ស្ដីពី «តាវកាលិកហានិភ័យការងារ» ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ប្រការ១ «សិទ្ធិទទួលបានតាវការលិកហានិភ័យការងារ» )
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕