(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានណែនាំ ឲ្យក្រុមការងារ ក៏ដូចជាមេភូមិ មេឃុំត្រូវតែបន្តបម្រសេវាសាធារណៈដល់ប្រជាពលរដ្ឋអោយទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ការថ្លែងណែនាំនេះ បានធ្វើឡើង ខណៈលោក និងក្រុមករងារ បានជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាសាខាបក្ស ក្នុងភូមិនីមួយៗ ជាពិសេសនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។
ឆ្លៀតក្នុងឱកាសនោះ លោក កែវ ពិសិដ្ឋ ក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្តីពី បញ្ហាប្រឈមនានាដែលបានកើតឡើង ពិសេសការប្រកបមុខរបរទទួលទានក៏ដូចការធ្វើស្រែចំការដំណាំដាំដុះ។
ក្នុងនោះដែរ លោក កែវ ពិសិដ្ឋ ក្នុងនាមជាប្រធាន ក៏បានឧបត្ថម ថវិការសំរាប់រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ នៅប៉ុន្មានថ្ងៃទៀតខាងមុខ ចំនួន១០ភូមិ ក្នុង១ភូមិ ទទួលបាន ៤០ម៉ឺនរៀលផងដែរ ហើយក្នុងនោះក៍មាន នៅអង្ក៥០គីឡូក្រាម នឹងថវិការ២០ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ ដែលទទួលមរណៈភាព នៅក្នុងឃុំពពេល ខេត្តត្បូងឃ្មុំផងដែរ៕