(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួល ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ កុំឱ្យដំឡើងថ្លៃឈ្នួលក្នុងកំលុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដើម្បីប្រជាពលរដ្ឋខ្មែរបានសល់ថវិកាសម្រាប់ប្រើប្រាស់ និងធ្វើបុណ្យទាន។
សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បានធ្វើការកត់សម្គាល់ថា នៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ ហើយប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើដំណើរដោយទឹកមុខរីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំក្រុមគ្រួសារត្រៀមចូលឆ្នាំថ្មី។
ទន្ទឹមនឹងការកត់សម្គាល់ពីការខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវកុំឱ្យមានការដំឡើងថ្លៃឈ្នួលរថយន្ត សណ្ឋាគារ និងផ្ទះសំណាក់។ «ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមម្ចាស់រថយន្តតាក់ស៊ី កុំដំឡើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សូមកុំដំឡើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា»។
សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយថ្លៃរថយន្តឈ្នួលទៅកាន់ស្រុកកំណើតរបស់ប្រជាពលរដ្ឋនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញចំនួន១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ប្រជាពលរដ្ឋឱ្យទាក់ទងទូរស័ព្ទលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីទទួលបានព័ត៌មានសេវារថយន្តក្រុងជិះមិនគិតថ្លៃនេះ។
ជាមួយគ្នានេះដើម្បីធានាបាននូវភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រៀបចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់ អធ្យាស្រ័យឱ្យគ្នា ទៅវិញទៅមក គោរពច្បាប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕